ព្រះត្រៃបិដក ភាគ ០៦
បពិត្រព្រះថេរៈដ៏ចំរើន សូមព្រះថេរៈសំដែងនូវបាតិមោក្ខ។ ព្រះថេរៈនោះនិយាយយ៉ាងនេះថា នែអាវុសោ ខ្ញុំសូត្រមិនកើតទេ។ ភិក្ខុទាំងនោះ អារាធនាព្រះថេរៈទី២ថា បពិត្រព្រះថេរៈដ៏ចំរើន សូមព្រះថេរៈសំដែងនូវបាតិមោក្ខ។ ព្រះថេរៈទី២នោះ ក៏និយាយយ៉ាងនេះថា នែអាវុសោ ខ្ញុំសំដែងមិនកើតទេ។ ភិក្ខុទាំងនោះ អារាធនាព្រះថេរៈទី៣ថា បពិត្រព្រះថេរៈដ៏ចំរើន សូមព្រះថេរៈសំដែងនូវបាតិមោក្ខ។ ព្រះថេរៈទី៣នោះ ក៏និយាយយ៉ាងនេះថា នែអាវុសោ ខ្ញុំសូត្រមិនកើតទេ។ ភិក្ខុទាំងនោះ អារាធនាដរាបដល់ភិក្ខុថ្មីក្នុងសង្ឃ ដោយឧបាយនេះឯងថា លោកដ៏មានអាយុ ចូរសំដែងនូវបាតិមោក្ខ។ ភិក្ខុនោះ ក៏និយាយយ៉ាងនេះថា បពិត្រលោកដ៏ចំរើន ខ្ញុំសូត្រមិនកើតទេ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយនោះបញ្ជូនភិក្ខុ១រូប ទៅកាន់អាវាសដែលមាននៅជិតខាងក្នុងថ្ងៃនោះឯងថា នែអាវុសោ ចូរអ្នកទៅរៀនបាតិមោក្ខដោយសង្ខេប ឬដោយពិស្តារមក។ លំដាប់នោះឯង ភិក្ខុទាំងឡាយមានសេចក្តីគិតដូច្នេះថា យើងត្រូវបញ្ជូនលោកណាទៅហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុជាថេរៈបង្គាប់ភិក្ខុថ្មីបាន។ ភិក្ខុថ្មីទាំងឡាយដែលព្រះថេរៈបង្គាប់ហើយ មិនទៅ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។
ID: 636793803727460182
ទៅកាន់ទំព័រ៖