ព្រះត្រៃបិដក ភាគ ០៦
ធម្មីកថា ធម្មចក្ខុដ៏ប្រាសចាកធូលី ប្រាសចាកមន្ទិល បានកើតឡើងដល់មហានាមដ៏មានអាយុផង ដល់អស្សជ្ជិដ៏មានអាយុផងថា ធម្មជាតណាមួយដែលកើតឡើងជាធម្មតា ធម្មជាតទាំងនោះ ក៏រលត់ទៅវិញជាធម្មតា។ ភិក្ខុទាំងឡាយពីរអង្គគឺ មហានាម និងអស្សជ្ជិនោះ បានឃើញអរិយសច្ចធម៌ហើយ បានដល់អរិយសច្ចធម៌ហើយ បានត្រាស់ដឹងអរិយសច្ចធម៌ហើយ បានចុះចិត្តស៊ប់ក្នុងអរិយសច្ចធម៌ហើយ ឆ្លងផុតសេចក្តីសង្ស័យហើយ ប្រាសចាកសេចក្តីងឿងឆ្ងល់ហើយ ដល់នូវសេចក្តីក្លៀវក្លា មិនបាច់ជឿស្តាប់បុគ្គលដទៃក្នុងសាសនានៃព្រះបរមសាស្តា ទើបក្រាបទូលព្រះដ៏មានព្រះភាគយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គទាំងឡាយគួរបាននូវបព្វជ្ជា គួរបាននូវឧបសម្បទាក្នុងសំណាក់ព្រះដ៏មានព្រះភាគ។ ព្រះដ៏មានជោគ ទ្រង់ត្រាស់ហៅថា អ្នកទាំងឡាយចូរមកជាភិក្ខុចុះ ហើយត្រាស់ថា សាសនធម៌ តថាគតពោលល្អហើយ អ្នកទាំងឡាយ ចូរប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីធ្វើនូវនិព្វាន ជាទីបំផុតនៃកងទុក្ខ ដោយប្រពៃចុះ។ ព្រះពុទ្ធវាចានោះឯង ជាឧបសម្បទារបស់មហានាម និងអស្សជ្ជិដ៏មានអាយុទាំងនោះ។
ID: 636793426895345022
ទៅកាន់ទំព័រ៖