ព្រះត្រៃបិដក ភាគ ០៦

ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​ក្នុង​ទី​អាវាស១​ ​មាន​អាវាសិក​ភិក្ខុ​ច្រើន​រូប​ ​គឺ​ចំនួន៤រូប​ ​ឬ​ច្រើនជាង៤រូប​ឡើង​ទៅ​ ​ប្រជុំ​គ្នា​ក្នុង​ឧបោសថ​ថ្ងៃ​នោះ​ ​ភិក្ខុ​ទាំងនោះ​មិនបាន​ដឹង​ថា​ ​មាន​ពួក​អាវាសិក​ភិក្ខុ​ដទៃ​ ​មិនទាន់​មកដល់​ឡើយ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​សំគាល់​ថា​ជា​ធម៌​ ​សំគាល់​ថា​ជា​វិន័យ​ ​ជាពួក​សំគាល់​ថា​ ​ព្រមព្រៀង​គ្នា​ ​ក៏​ធ្វើ​ឧបោសថ​ ​សំដែង​បាតិមោក្ខ​ឡើង​។​ ​កាល​ភិក្ខុ​ទាំងនោះ​កំពុង​សំដែង​បាតិមោក្ខ​ ​ស្រាប់តែ​មាន​ពួក​អាវាសិក​ភិក្ខុ​ដទៃ​ច្រើនជាង​ ​មកដល់​ក្នុង​ពេលនោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងនោះ​ ​ត្រូវ​សំដែង​បាតិមោក្ខ​ឡើង​ម្តង​ទៀត​ចុះ​។​ ​ពួក​ភិក្ខុ​អ្នក​សំដែង​មិន​ត្រូវអាបត្តិ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ម្យ៉ាងទៀត​ ​ក្នុង​សាសនា​នេះ​ ​បើ​ក្នុង​អាវាស១​ ​មាន​អាវាសិក​ភិក្ខុ​ជាច្រើន​រូប​ ​គឺ​ចំនួន៤រូប​ ​ឬ​ច្រើនជាង៤រូប​ឡើង​ទៅ​ ​ប្រជុំ​គ្នា​ក្នុង​ឧបោសថ​ថ្ងៃ​នោះ​។​ ​ភិក្ខុ​ទាំងនោះ​មិនបាន​ដឹង​ថា​ ​មាន​ពួក​អាវាសិក​ភិក្ខុ​ដទៃ​មិនទាន់​មកដល់​ឡើយ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ក៏​សំគាល់​ថា​ជា​ធម៌​ ​សំគាល់​ថា​ជា​វិន័យ​ ​ជាពួក​សំគាល់​ថា​ ​ព្រមព្រៀង​គ្នា​ ​ក៏​ធ្វើ​ឧបោសថ​ ​សំដែង​បាតិមោក្ខ​ឡើង​។​ ​កាល​ភិក្ខុ​ទាំងនោះ​កំពុង​សំដែង​បាតិមោក្ខ​ ​ស្រាប់តែ​មាន​ពួក​អាវាសិក​ភិក្ខុ​ដទៃ​ចំ​នួន​ស្មើ​ៗ​គ្នា​ ​មកដល់​ក្នុង​ពេលនោះ​។​ ​ឧទ្ទេស​ដែល​ភិក្ខុ​សំដែង​រួចហើយ​ ​ក៏​ឈ្មោះថា​ ​សំដែង​ហើយដោយ​ប្រពៃ​ ​ត្រូវតែ​ស្តាប់​ឧទ្ទេស​ដ៏​សេសសល់​អំពី​នោះ​ចុះ​។​ ​
ថយ | ទំព័រទី ៤១២ | បន្ទាប់
ID: 636793816501470813
ទៅកាន់ទំព័រ៖