ព្រះត្រៃបិដក ភាគ ០៦
ចេះតែធ្វើឧបោសថ សំដែងបាតិមោក្ខ។ កាលដែលភិក្ខុទាំងនោះទើបនឹងសំដែងបាតិមោក្ខរួច។បេ។ កាលភិក្ខុបរិសទ្យមិនទាន់បានក្រោកចេញនៅឡើយ។បេ។ កាលភិក្ខុបរិសទ្យពួកខ្លះបានក្រោកចេញទៅហើយ។បេ។ កាលភិក្ខុបរិសទ្យទាំងអស់បានក្រោកចេញទៅហើយ ស្រាប់តែពួកអាវាសិកភិក្ខុដទៃច្រើនជាង មកដល់ក្នុងពេលនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះត្រូវសំដែងបាតិមោក្ខម្តងទៀតចុះ។ ពួកភិក្ខុអ្នកសំដែងត្រូវអាបត្តិទុក្កដ។បេ។ ស្រាប់តែពួកអាវាសិកភិក្ខុដទៃស្មើៗគ្នា មកដល់ក្នុងពេលនោះ។បេ។ តិចជាង។ បាតិមោក្ខដែល ភិក្ខុបានសំដែងរួចទៅហើយ ក៏ឈ្មោះថា បានសំដែងល្អហើយ អាវាសិកភិក្ខុដទៃ ត្រូវប្រាប់បារិសុទ្ធិក្នុងសំណាក់ភិក្ខុទាំងនោះចុះ។ ពួកភិក្ខុអ្នកសំដែងត្រូវអាបត្តិទុក្កដ។
ចប់ រឿងភិក្ខុមានសេចក្តីសង្ស័យ ហើយធ្វើឧបោសថ មាន១៥យ៉ាង។
[១៩៤] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ក្នុងសាសនានេះ បើក្នុងទីអាវាស១ មានពួកអាវាសិកភិក្ខុច្រើនរូប គឺចំនួន៤រូប ឬច្រើនជាង៤រូបឡើងទៅ ប្រជុំគ្នាក្នុងឧបោសថថ្ងៃនោះ។ ភិក្ខុទាំងនោះដឹងថា មានពួកអាវាសិកភិក្ខុដទៃមិនទាន់មកដល់។ ភិក្ខុទាំងនោះ មានសេចក្តីរង្កៀសថា
ID: 636793819493681958
ទៅកាន់ទំព័រ៖