ព្រះត្រៃបិដក ភាគ ០៦

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​ថ្ងៃទី១កើត​ ​ឬ១រោច​ ​របស់​ពួក​អាវាសិក​ភិក្ខុ​ ​ថ្ងៃទី១៥​ ​របស់​ពួក​អាគន្តុក​ភិក្ខុ​។​ ​បើ​ពួក​អាវាសិក​ភិក្ខុ​ច្រើនជាង​ ​ពួក​អាវាសិក​ភិក្ខុ​មិន​ប្រាថ្នា​ ​(​នឹង​ឲ្យ​)​ ​មិន​ត្រូវឲ្យ​សេចក្តី​ព្រមព្រៀង​ ​ដល់​ពួក​អាគន្តុក​ភិក្ខុ​ឡើយ​ ​ត្រូវ​ពួក​អាគន្តុក​ភិក្ខុ​ ​ចេញទៅ​ក្រៅ​សីមា​ ​ហើយ​ធ្វើ​ឧបោសថ​។​ ​បើ​ជា​ស្មើ​ៗ​គ្នា​វិញ​ ​ពួក​អាវាសិក​ភិក្ខុ​មិន​ចង់​ឲ្យ​ ​ក៏​មិន​ត្រូវឲ្យ​សាមគ្គី​ ​ដល់​ពួក​អាគន្តុក​ភិក្ខុ​ដែរ​ ​ត្រូវតែ​ពួក​អាគន្តុក​ភិក្ខុ​ ​ចេញទៅ​ក្រៅ​សីមា​ ​ហើយ​ធ្វើ​ឧបោសថ​ចុះ​។​ ​បើ​ពួក​អាគន្តុក​ភិក្ខុ​ច្រើនជាង​ ​ត្រូវ​ពួក​អាវាសិក​ភិក្ខុ​ឲ្យ​សាមគ្គី​ ​ដល់​ពួក​អាគន្តុក​ភិក្ខុ​ ​ឬ​ត្រូវ​ចេញទៅ​ក្រៅ​សីមា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​ថ្ងៃទី១៥​ ​ជា​របស់​ពួក​អាវាសិក​ភិក្ខុ​ ​ថ្ងៃ១កើត​ ​ឬ១រោច​ ​ជា​ថ្ងៃ​របស់​ពួក​អាគន្តុក​ភិក្ខុ​។​ ​បើ​ពួក​អាវាសិក​ភិក្ខុ​ច្រើនជាង​ ​ត្រូវ​ពួក​អាគន្តុក​ភិក្ខុ​ ​ឲ្យ​សាមគ្គី​ ​ដល់​ពួក​អាវាសិក​ភិក្ខុ​ ​ឬ​ត្រូវ​ចេញទៅ​ខាងក្រៅ​សីមា​។​ ​បើ​ជា​ស្មើ​ៗ​គ្នា​វិញ​ ​ត្រូវ​ពួក​អាគន្តុក​ភិក្ខុ​ ​ឲ្យ​សាមគ្គី​ ​ដល់​ពួក​អាវាសិក​ភិក្ខុ​ ​ឬ​ត្រូវ​ចេញទៅ​ខាងក្រៅ​សីមា​។​ ​បើ​អាគន្តុក​ភិក្ខុ​ច្រើនជាង​ ​អាគន្តុក​ភិក្ខុ​មិន​ប្រាថ្នា​ ​(​នឹង​ឲ្យ​)​ ​ក៏​មិន​ត្រូវឲ្យ​សាមគ្គី​ដល់​អាវាសិក​ភិក្ខុ​ឡើយ​ ​ត្រូវ​ពួក​អាវាសិក​ភិក្ខុ​ ​ចេញទៅ​ធ្វើ​ឧបោសថ​ខាងក្រៅ​សីមា​។​
ថយ | ទំព័រទី ៤២៨ | បន្ទាប់
ID: 636793821518117749
ទៅកាន់ទំព័រ៖