ព្រះត្រៃបិដក ភាគ ០៦
ព្រះដ៏មានព្រះភាគបានរំសាយឥទ្ធាភិសង្ខារនោះហើយ។ សេដ្ឋីគហបតិ បានឃើញយសកុលបុត្រអង្គុយនៅ (ក្នុងទីនោះ) លុះឃើញហើយ ក៏និយាយពាក្យនេះនឹងយសកុលបុត្រថា នែយស មាតារបស់អ្នកមានសេចក្តីសោកខ្សឹកខ្សួល ចូរអ្នកឲ្យជីវិតដល់មាតារបស់អ្នកផង។ គ្រានោះ យសកុលបុត្រក៏ងើបមើលព្រះដ៏មានព្រះភាគ។ ឯព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកានេះនឹងសេដ្ឋីគហបតិថា ម្នាលគហបតិ អ្នកឯងសំគាល់យសកុលបុត្រនោះថាដូចម្តេចទៅ ឯយសកុលបុត្រ(នេះ) ឈ្មោះថាឃើញធម៌ហើយដោយសេក្ខញ្ញាណ និងសេក្ខទស្សនៈ ព្រោះថា យសកុលបុត្រនោះពិចារណានូវភូមិធម៌ ដូចជាធម៌ដែលអ្នកឃើញហើយ អ្នកដឹងហើយ ចិត្ត (របស់យសកុលបុត្រនោះ) ក៏រួចចាកអាសវធម៌ទាំងឡាយហើយ ឥតមានជាប់ចំពាក់ដោយឧបាទានឡើយ ម្នាលគហបតិ យស (នេះ) គួរនឹងវិលត្រឡប់ទៅដើម្បីភាវៈថោកទាប ហើយបរិភោគកាមទាំងឡាយដូចនៅជាឃរាវាសក្នុងកាលមុនដែរឬទេ។ សេដ្ឋីគហបតិក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ហេតុនេះមិនគួរទេ។ ព្រះបរមសាស្តា ទ្រង់ត្រាស់ថា ម្នាលគហបតិ យសកុលបុត្រ(នេះឯង) ឈ្មោះថាឃើញធម៌ហើយដោយសេក្ខញ្ញាណ និងសេក្ខទស្សនៈ ព្រោះយសកុលបុត្រនោះពិចារណានូវភូមិធម៌
ID: 636793432320952565
ទៅកាន់ទំព័រ៖