ព្រះត្រៃបិដក ភាគ ០៦
លុះព្រះយសដ៏មានអាយុអង្គុយនៅក្នុងទីដ៏សមគួរហើយ ក្រាបទូលដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សំឡាញ់របស់ខ្ញុំព្រះអង្គជាគ្រហស្ថ៤នាក់នេះ ឈ្មោះវិមលៈ១ សុពាហុ១ បុណ្ណជិ១ គវម្បតិ១ ជាកូនពួកត្រកូលសេដ្ឋី និងអនុសេដ្ឋីក្នុងក្រុងពារាណសី (ជាមួយគ្នា) សូមព្រះដ៏មានព្រះភាគឲ្យឱវាទប្រៀនប្រដៅសំឡាញ់អម្បាលនេះឲ្យទាន។ ព្រះដ៏មានព្រះភាគ ក៏ទ្រង់សំដែងអនុបុព្វីកថាដល់បុរសទាំងឡាយនោះ គឺទ្រង់សំដែងទានកថា១ សីលកថា១ សគ្គកថា១ ទោសរបស់កាមទាំងឡាយដ៏លាមកសៅហ្មង១ អានិសង្សក្នុងការចេញចាកកាម (បួស)១។ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបថា បុរសទាំង៤នាក់នោះ មានចិត្តស្រួល មានចិត្តទន់ មានចិត្តផុតចាកនីវរណធម៌ មានចិត្តអណ្តែតឡើង មានចិត្តជ្រះថ្លា ក្នុងកាលណា ព្រះអង្គទ្រង់ប្រកាសធម្មទេសនា ដែលព្រះពុទ្ធទាំងឡាយ ទ្រង់លើកឡើងសំដែង ដោយព្រះអង្គឯង គឺទុក្ខសច្ច១ សមុទយសច្ច១ និរោធសច្ច១ មគ្គសច្ច១ ក្នុងកាលនោះ។ ធម្មតា សំពត់សស្អាត មិនប្រឡាក់របស់ខ្មៅ គឺធ្យូង ឬល័ក្តខ្មៅជាដើម គួរទទួលទឹកជ្រលក់បានដោយប្រពៃ មានឧបមាដូចម្តេចមិញ ធម្មចក្ខុ គឺសោតាបត្តិមគ្គដ៏ប្រាសចាកធូលី ប្រាសចាកមន្ទិល ក៏កើតឡើងដល់បុរសទាំងអម្បាលនោះ ក្នុងទីអង្គុយនោះឯងថា ធម្មជាតិណាមួយ ដែលកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ តែងរលត់ទៅវិញ
ID: 636793435141029521
ទៅកាន់ទំព័រ៖