ព្រះត្រៃបិដក ភាគ ០៦

ទាំង៥០នាក់​នោះ​ ​បានឃើញ​អរិយសច្ច​ធម៌​ហើយ​ ​បាន​ដល់​អរិយសច្ច​ធម៌​ហើយ​ ​បាន​ត្រាស់​ដឹង​អរិយសច្ច​ធម៌​ហើយ​ ​បាន​ចុះចិត្តស៊ប់​ក្នុង​អរិយសច្ច​ធម៌​ហើយ​ ​ឆ្លងផុត​សេចក្តី​សង្ស័យ​ ​មិន​មាន​ងឿងឆ្ងល់​ ​ដល់​នូវ​ភាវៈ​ជា​អ្នកក្លាហាន​ ​មិនបាច់​ជឿស្តាប់​ពាក្យ​បុគ្គល​ដទៃ​ ​ក្នុង​សាសនា​នៃ​ព្រះ​សាស្តា​ ​ក៏​ក្រាបទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដោយ​ពាក្យ​នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យើងខ្ញុំ​ទាំងឡាយ​នេះ​ ​គួរ​បាន​បព្វជ្ជា​ ​គួរ​បាន​ឧបសម្បទា​ក្នុង​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ហៅថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​មក​ជា​ភិក្ខុ​ចុះ​ ​ហើយ​ទ្រង់​ត្រាស់​ថា​ ​សាសនធម៌​ ​តថាគត​ពោល​ល្អ​ហើយ​ ​អ្នក​ទាំងឡាយ​ចូរ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ដើម្បី​ធ្វើ​នូវ​ព្រះនិព្វាន​ ​ជាទីបំផុត​នៃ​កង​ទុក្ខ​ដោយ​ល្អ​ចុះ​។​ ​ព្រះពុទ្ធដីកា​នោះ​ឯង​ ​ជា​ឧបសម្បទា​របស់​លោក​ដ៏​មាន​អាយុ​ទាំងអម្បាល​នោះ​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ទូន្មាន​ ​ប្រៀនប្រដៅ​ភិក្ខុ​ទាំងអម្បាល​នោះ​ដោយ​ធម្មី​កថា​។​ ​ភិក្ខុ​ទាំងអម្បាល​នោះ​ ​កាលដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​កំពុង​ទូន្មាន​ប្រៀនប្រដៅ​ដោយ​ធម្មី​កថា​ ​ចិត្ត​ក៏​រួចចាក​អាសវ​ធម៌​ទាំងឡាយ​ ​ឥតមាន​ជាប់​ចំពាក់​ដោយ​ឧបាទាន​ឡើយ​។​ ​ព្រះអរហន្ត​ទាំងឡាយ៦១អង្គ​កើតឡើង​ក្នុង​លោក​ ​ក្នុង​កាលនោះ​ឯង​។​
ថយ | ទំព័រទី ៦៥ | បន្ទាប់
ID: 636793436270803507
ទៅកាន់ទំព័រ៖