ក្រុងមារក្រាបបង្គំទូលថា
បពិត្រព្រះសមណៈ អន្ទាក់ណាដែលត្រាច់ទៅក្នុងអាកាស អន្ទាក់នេះឯង គឺឆន្ទរាគ ដែលត្រាច់ទៅក្នុងចិត្ត (របស់សត្វ ខ្ញុំនឹងទាក់ព្រះអង្គដោយអន្ទាក់ គឺឆន្ទរាគនោះ ព្រះអង្គគង់មិនរួច (អំពីវិស័យ) របស់ខ្ញុំទេ។
ព្រះសម្ពុទ្ធ ទ្រង់ត្រាស់ថា
ម្នាលមារ ជាសត្វដ៏ថោកទាប រូប សំឡេង ក្លិន រស និងផោដ្ឋព្វៈ ជាគ្រឿងតម្រេកក្នុងចិត្តនៃសត្វ ចំណង់របស់តថាគតក្នុងអារម្មណ៍ មានរូបជាដើមនេះ ប្រាសចាកអស់ហើយ អ្នកឯងសោត ក៏តថាគតនាំចេញអំពីពុតកំណាច (គឺតថាគតឲ្យចាលចាញ់)ហើយ។
លំដាប់នោះ ក្រុងមារជាអ្នកមានចិត្តអាក្រក់ កើតទុក្ខ តូចចិត្តថា ព្រះដ៏មានព្រះភាគស្គាល់អញ ព្រះសុគតស្គាល់អញ រួចក៏អន្តរធានបាត់ទៅអំពីកន្លែងនោះឯង។
ចប់ មារកថា។
[៣៤] សម័យនោះឯង ភិក្ខុទាំងឡាយតែងនាំមកនូវពួកបព្វជ្ជាបេក្ខបុគ្គល
(១)ផង នូវពួកឧបសម្បទាបេក្ខបុគ្គល
(២)ផង អំពីទិសផ្សេងៗ
(១) អ្នកសំឡឹងយកនូវបព្វជ្ជា គឺអ្នកដែលប្រាថ្នានឹងបួសជាសាមណេរ។ (២) អ្នកសំឡឹងយកនូវឧបសម្បទា គឺអ្នកដែលប្រាថ្នានឹងបួសជាភិក្ខុ។