ព្រះត្រៃបិដក ភាគ ០៦
ទ្រង់យាងទៅកាន់ស្ថានតាវត្តឹង្ស ទេវលោក ហើយទ្រង់នាំមកនូវផ្កាបារិច្ឆត្តកព្រឹក្ស រួចទ្រង់មកគង់នៅក្នុងរោងភ្លើងជាមុន។ ជដិលឈ្មោះឧរុវេលកស្សប ក៏បានឃើញព្រះដ៏មានព្រះភាគ គង់នៅក្នុងរោងភ្លើងដោយច្បាស់លាស់ លុះឃើញហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រមហាសមណៈ ព្រះអង្គទ្រង់ពុទ្ធដំណើរមកតាមផ្លូវណា (កាលដែលមក) ខ្ញុំចេញមកមុនព្រះអង្គ (វេលាមកដល់ក្នុងទីនេះ) ត្រឡប់ជាព្រះអង្គមកគង់នៅក្នុងរោងភ្លើងបានមុនខ្ញុំវិញ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា នែកស្សប កាលតថាគតបញ្ជូនអ្នកមកក្នុងទីនេះ ហើយតថាគតទៅកាន់ស្ថានតាវត្តឹង្ស នាំមកនូវផ្កាបារិច្ឆត្តកព្រឹក្ស រួចមកអង្គុយនៅក្នុងរោងភ្លើង បានមុនអ្នកឯង កស្សប នេះឯងផ្កាបារិច្ឆត្តកព្រឹក្ស មានសម្បុរល្អ មានក្លិនក្រអូបមែន។ គ្រានោះ ជដិលឈ្មោះឧរុវេលកស្សប ត្រិះរិះដូច្នេះថា មហាសមណៈ(នេះ) មានឫទ្ធិខ្លាំង មានអានុភាពធំមែន ព្រោះថា ព្រះអង្គបញ្ជូនអញឲ្យមកមុនព្រះអង្គ រួចព្រះអង្គយាងទៅកាន់ឋានតាវត្តឹង្ស នាំយកផ្កាបារិច្ឆត្តកព្រឹក្ស ហើយមកគង់នៅក្នុងរោងភ្លើងនេះ បានមុនអញ តែបើទុកជាយ៉ាងនោះសោត ក៏គង់នៅមិនមែនជាព្រះអរហន្តដូចអញទេ។
ID: 636793550742080246
ទៅកាន់ទំព័រ៖