ព្រះត្រៃបិដក ភាគ ០៦
[៥០] សម័យនោះឯង មានភ្លៀងធំ ពុំជួកាល បង្អុរចុះមក មានជំនន់ធំពាសពេញទៅ។ ព្រះដ៏មានព្រះភាគគង់នៅក្នុងប្រទេសណា ប្រទេសនោះ ទឹកលិចអស់។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រិះរិះដូច្នេះថា បើមានហេតុយ៉ាងនេះ គួរតែតថាគតធ្វើទឹកឲ្យញែកចេញដោយជុំវិញ ហើយដើរចង្ក្រមលើផែនដី ដ៏មានធូលីហុយឡើងដេរដាសក្នុងទីកណ្តាលទឹកនោះឯង។ លំដាប់នោះ ព្រះអង្គក៏ធ្វើទឹកឲ្យញែកចេញជុំវិញ រួចទ្រង់ចង្ក្រមលើផែនដី ដ៏មានធូលីហុយឡើងដេរដាស ក្នុងទីកណ្តាលទឹក (នោះឯង)។ កាលនោះ ជដិលឈ្មោះឧរុវេលកស្សប គិតថា មហាសមណៈសូមកុំឲ្យលង់ទឹកឡើយ។ លុះឧរុវេលកស្សបគិតហើយ ទើបឡើងជិះទូកទៅ មួយអន្លើដោយជដិលទាំងឡាយជាច្រើននាក់ សំដៅទៅកាន់ប្រទេសដែលព្រះអង្គគង់នៅនោះ។ ជដិលឈ្មោះឧរុវេលកស្សប ក៏បានឃើញព្រះដ៏មានព្រះភាគ ធ្វើទឹកឲ្យញែកចេញជុំវិញព្រះអង្គ ហើយយាងចង្ក្រមលើផែនដី ដ៏មានធូលីហុយឡើងដេរដាស ក្នុងទីកណ្តាលទឹកដោយច្បាស់លាស់ លុះឃើញហើយ ទើបក្រាបទូលព្រះដ៏មានព្រះភាគដោយពាក្យដូច្នេះថា បពិត្រមហាសមណៈ ព្រះអង្គគង់នៅក្នុងទីនេះឬ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា អើ កស្សប តថាគតនៅក្នុងទីនេះឯង
ID: 636793552057005455
ទៅកាន់ទំព័រ៖