ព្រះត្រៃបិដក ភាគ ០៦
[៥៦] កាលនោះ ព្រះដ៏មានព្រះភាគ គង់លើខ្នងថ្មឈ្មោះគយាសីសៈ តាមសមគួរដល់ពុទ្ធអធ្យាស្រ័យ ហើយទ្រង់ពុទ្ធដំណើរទៅក្នុងក្រុងរាជគ្រឹះ មួយអន្លើដោយភិក្ខុសង្ឃដ៏ច្រើន ចំនួន១០០០អង្គ គឺបុរាណជដិលទាំងអស់នោះឯង។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ត្រាច់ទៅកាន់ចារិកដោយលំដាប់ ក៏បានទៅដល់ក្រុងរាជគ្រឹះ។ មានសេចក្តីដំណាលថា ព្រះដ៏មានព្រះភាគ គង់នៅក្នុងសុប្បតិដ្ឋចេតិយ ក្នុងលដ្ឋិវនឧទ្យាន ទៀបក្រុងរាជគ្រឹះនោះ។
[៥៧] ព្រះបាទមាគធសេនិយពិម្ពិសារ បានទ្រង់ព្រះសណ្តាប់ដំណឹងច្បាស់ថា ព្រះសមណគោតមដ៏ចំរើន ជាសក្យបុត្រ ចេញចាកសក្យត្រកូលហើយបួស ឥឡូវយាងមកកាន់ក្រុងរាជគ្រឹះ គង់នៅក្នុងសុប្បតិដ្ឋចេតិយ ក្នុងលដ្ឋិវនឧទ្យាន (សួនច្បារត្នោត) ទៀបក្រុងរាជគ្រឹះ កិត្តិសព្ទដ៏ពីរោះរបស់ព្រះគោតមដ៏ចំរើននោះ ឮខ្ចរខ្ចាយសុសសាយយ៉ាងនេះថា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ឆ្ងាយចាកកិលេស ទ្រង់ត្រាស់ដឹងដោយប្រពៃចំពោះព្រះអង្គឯង ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ទ្រង់មានដំណើរល្អ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ទ្រង់ជាអ្នកទូន្មាននូវបុរសដែលគួរទូន្មានបាន ទ្រង់ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ទ្រង់បានត្រាស់ដឹងនូវអរិយសច្ចធម៌
ID: 636793555596667912
ទៅកាន់ទំព័រ៖