ព្រះត្រៃបិដក ភាគ ០៦
            
        
        
            
            
                
                សូមលោកពោលនូវធម៌តិចក្តី ច្រើនក្តីឲ្យទាន សូមលោកពោលនូវទំនងសេចក្តីតែម្យ៉ាងដល់ខ្ញុំ ៗត្រូវការដោយសេចក្តី លោកមិនបាច់សំដែងព្យញ្ជនៈឲ្យច្រើនទេ។
 [៦៨] ម្នាលអ្នកដ៏មានអាយុ អស្សជិភិក្ខុ ក៏បានពោលធម្មបរិយាយនេះក្នុងកាលនោះថា
ធម៌ទាំងឡាយណា គឺខន្ធ៥ តែងកើតអំពីហេតុ ព្រះតថាគតពោលនូវហេតុនៃធម៌ទាំងឡាយនោះ ម្យ៉ាងទៀត សេចក្តីរលត់ និងឧបាយជាគ្រឿងរលត់នៃធម៌ទាំងឡាយណា ព្រះតថាគតពោលនូវសេចក្តីរលត់ និងឧបាយជាគ្រឿងរលត់នៃធម៌ទាំងឡាយនោះ ព្រះមហាសមណៈ មានប្រក្រតីពោលយ៉ាងនេះ។ 
 [៦៩] កាលនោះ បរិព្វាជកឈ្មោះមោគ្គល្លាន លុះបានស្តាប់ធម្មបរិយាយនេះហើយ ក៏មានធម្មចក្ខុ គឺសោតាបត្តិមគ្គញ្ញាណ ប្រាសចាកធូលី ប្រាសចាកមន្ទិល កើតឡើងក្នុងចិត្តថា ធម្មជាតណាមួយដែលមានសេចក្តីកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានសេចក្តីរលត់ទៅវិញជាធម្មតា។
            
 
            
         
        
            
                ID: 636793563583984761 
                
            
            
                ទៅកាន់ទំព័រ៖