ព្រះត្រៃបិដក ភាគ ០៦

ថាបើ​ចីវរ​សើម​ដោយ​ញើស​ក្អែល​ ​សទ្ធិវិហារិក​ត្រូវ​សំដិល​ក្នុង​ទី​មាន​កំ​ដៅ​បន្តិច​សិន​ ​មិន​ត្រូវ​ទុកដាក់​ចីវរ​ក្នុង​ទី​មាន​កំ​ដៅ​យូរ​ទេ​ ​ត្រូវតែ​បត់​ចីវរ​ទុក​ដោយ​ល្អ​ ​កាលដែល​នឹង​បត់​ចីវរ​ ​ត្រូវ​បំផ្លើស​ជាយ​ម្ខាង​ឲ្យលើស​ប្រមាណ៤ធ្នាប់​ ​ហើយ​សឹម​បត់​ចីវរ​ ​ដោយ​គិតថា​ ​កុំ​ឲ្យ​ចីវរ​បាក់​ផ្នត់​ពាក់កណ្តាល​ឡើយ​(​១​)​ ​ហើយ​គប្បី​ដាក់​វត្ថពន្ធ​ចង្កេះ​ក្នុង​ផ្នត់​ចីវរ​ចុះ​។​ ​ថាបើ​បិណ្ឌបាត​មាន​ ​ឧបជ្ឈាយ៍​ត្រូវការ​នឹង​ឆាន់​ ​សទ្ធិវិហារិក​ត្រូវ​ប្រគេន​ទឹក​ហើយ​ ​សឹម​បង្អោន​បិណ្ឌបាត​ប្រគេន​ ​សទ្ធិវិហារិក​ត្រូវ​សួរ​ឧបជ្ឈាយ៍​អំពី​ទឹក​ឆាន់​ហើយ​ ​ប្រគេន​ទឹក​ដល់​ឧបជ្ឈាយ៍​ដែល​ឆាន់​រួចហើយ​ ​រួច​ទទួល​បាត្រ​យក​មក​ដោយ​សេចក្តី​ឱនលំទោន​ ​ហើយ​លាង​ដោយ​ប្រពៃ​ ​កុំ​ឲ្យ​ទង្គិច​ ​ហើយ​ធ្វើឲ្យ​ស្ងួត​ទឹក​ ​រួចហើយ​ហាល​បាត្រ១ស្របក់​ក្នុង​ទី​មាន​កំ​ដៅ​ ​តែ​មិន​ត្រូវ​ទុកបាត្រ​ក្នុង​ទី​មាន​កំ​ដៅ​យូរ​ពេក​ទេ​ ​ត្រូវ​ដម្កល់​ទុក​នូវ​បាត្រ​និង​ចីវរ​ឲ្យ​ល្អ​ ​កាល​ដម្កល់​ទុកបាត្រ​ ​ត្រូវ​កាន់​យក​បាត្រ​ដោយដៃ​ម្ខាង​ ​ហើយ​យកដៃ​ម្ខាង​ស្ទាប​មើល​ទី​ជា​ខាងក្រោម​នៃ​គ្រែ​ក្តី​ ​នូវ​ទី​ជា​ខាងក្រោម​នៃ​តាំង​ក្តី​ ​ហើយ​សឹម​ទុកដាក់​
​(​១​)​ ​ក្នុង​អដ្ឋកថា​ ​ថា​ ​ដែល​ទ្រង់​ហាមមិនឲ្យ​ចាប់​ដោយ​ស្មើគ្នា​ហើយ​បត់​នោះ​ ​ព្រោះ​ផ្នត់​ដែល​បត់​នៅ​ចំកន្លែង​ដដែល​រាល់​ៗ​ថ្ងៃ​ ​នឹង​ធ្វើឲ្យ​បាក់​ផ្នត់​ខូច​ចីវរ​ ​ហេតុនេះ​ ​ទើប​ទ្រង់​ឲ្យ​បំផ្លើស​ដោយ​ចីវរ​ឲ្យ​ហួសពី​គ្នា​ប្រមាណ៤ធ្នាប់​រាល់​ៗ​ថ្ងៃ​ ​គឺ​ថ្ងៃនេះ​ ​បត់ត្រង់​កន្លែង​នេះ​ ​ដល់​ថ្ងៃស្អែក​ ​បត់​បំផ្លើស​ឲ្យ​ហួសពី​កន្លែង​នោះ​តទៅទៀត​ ​កុំ​ឲ្យ​បត់​ចំ​ត្រង់​ផ្នត់​ដដែល​។​
ថយ | ទំព័រទី ១៤១ | បន្ទាប់
ID: 636793568856006303
ទៅកាន់ទំព័រ៖