ព្រះត្រៃបិដក ភាគ ០៦
ពួកសទ្ធិវិហារិកសូមឲ្យឧបជ្ឈាយ៍អត់ទោសឲ្យបាន។ ពួកសទ្ធិវិហារិក នៅតែមិនបានសូមឲ្យឧបជ្ឈាយ៍អត់ទោសឲ្យឡើយ។ ភិក្ខុទាំងឡាយបានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិកដែលឧបជ្ឈាយ៍បណ្តេញចេញទៅហើយ មិនគួរនឹងមិនសូមឲ្យឧបជ្ឈាយ៍អត់ទោសឲ្យទេ សទ្ធិវិហារិកណាមួយមិនបានសូមឲ្យឧបជ្ឈាយ៍អត់ទោសឲ្យ ត្រូវអាបត្តិទុក្កដ។ គ្រានោះឯង ពួកឧបជ្ឈាយ៍ កាលបើសទ្ធិវិហារិកទៅសូមខមាទោសវិញ ក៏មិនព្រមអត់ទោសឲ្យឡើយ។ ភិក្ខុទាំងឡាយបានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យឧបជ្ឈាយ៍អត់ទោសដល់សទ្ធិវិហារិក។ ឧបជ្ឈាយ៍ទាំងនោះ ក៏មិនព្រមអត់ទោសឲ្យឡើយ។ ឯពួកសទ្ធិវិហារិករត់ចេញទៅខ្លះ សឹកចេញទៅខ្លះ រត់ចូលពួកតិរ្ថិយខ្លះ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ កាលបើសទ្ធិវិហារិក មកសូមខមាទោស ឧបជ្ឈាយ៍ត្រូវតែអត់ទោសឲ្យ (បើ) ឧបជ្ឈាយ៍ណាមួយមិនអត់ទោសឲ្យទេ ត្រូវអាបត្តិទុក្កដ។
ID: 636793576956219609
ទៅកាន់ទំព័រ៖