ព្រះត្រៃបិដក ភាគ ០៦
ឬបញ្ជាក់ទាំងកាយទាំងវាចាថា ខ្ញុំបណ្តេញអ្នកឯងដូច្នេះក្តី ថាអ្នកឯងកុំនៅក្នុងទីនេះដូច្នេះក្តី ថាអ្នកឯងចូរនាំយកបាត្រនិងចីវររបស់អ្នកឯងចេញទៅដូច្នេះក្តី ថាអ្នកឯងមិនត្រូវបម្រើខ្ញុំដូច្នេះក្តី (យ៉ាងនេះ) បានឈ្មោះថា អាចារ្យបណ្តេញអន្តេវាសិក (បើ) អាចារ្យមិនបានបញ្ជាក់អន្តេវាសិកដោយកាយ ឬដោយវាចា មិនបានបញ្ជាក់ទាំងកាយ ទាំងវាចាទេ មិនហៅថាអាចារ្យបណ្តេញអន្តេវាសិកឡើយ។ សម័យនោះឯង ពួកអន្តេវាសិកដែលអាចារ្យបានបណ្តេញចេញហើយ មិនបានសូមអាចារ្យឲ្យអត់ទោសវិញ។ ភិក្ខុទាំងឡាយបានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតដើម្បីឲ្យពួកអន្តេវាសិកសូមអាចារ្យឲ្យអត់ទោសឲ្យវិញបាន។ ពួកអន្តេវាសិក ក៏នៅតែមិនសូមអាចារ្យឲ្យអត់ទោសឲ្យដដែល។ ភិក្ខុទាំងឡាយបានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ឯអន្តេវាសិក ដែលអាចារ្យបានបណ្តេញចេញហើយ មិនគួរជាមិនសូមអាចារ្យឲ្យអត់ទោសឲ្យវិញទេ អន្តេវាសិកណា ដែលមិនបានសូមអាចារ្យឲ្យអត់ទោសឲ្យ នឹងត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ពួកអាចារ្យ ដែលអន្តេវាសិកបានសូមឲ្យអត់ទោសឲ្យវិញ ក៏មិនព្រមអត់ទោសឲ្យឡើយ។ ភិក្ខុទាំងឡាយបានក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មាន
ID: 636793597736028146
ទៅកាន់ទំព័រ៖