ព្រះត្រៃបិដក ភាគ ០៦
ភិក្ខុប្រកបដោយអង្គ៦នេះ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើបាន គឺភិក្ខុប្រកបដោយសីលក្ខន្ធជាអសេក្ខៈ១ ប្រកបដោយសមាធិក្ខន្ធជាអសេក្ខៈ១ ប្រកបដោយបញ្ញាខន្ធជាអសេក្ខៈ១ ប្រកបដោយវិមុត្តិក្ខន្ធជាអសេក្ខៈ១ ប្រកបដោយវិមុត្តិញ្ញាណទស្សនក្ខន្ធជាអសេក្ខៈ១ មានវស្សាដប់ ឬមានវស្សាច្រើនជាងដប់ឡើងទៅ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៦នេះឯង គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៦ដទៃទៀត មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើខ្លួនទេ គឺភិក្ខុមិនប្រកបដោយសីលក្ខន្ធជាអសេក្ខៈដោយខ្លួនឯង មិនបានដឹកនាំអ្នកដទៃឲ្យកាន់យកនូវសីលក្ខន្ធជាអសេក្ខៈ១ មិនប្រកបដោយសមាធិក្ខន្ធជាអសេក្ខៈ ដោយខ្លួនឯង មិនបានដឹកនាំអ្នកដទៃឲ្យកាន់យកនូវសមាធិក្ខន្ធជាអសេក្ខៈ១
ID: 636793604847734912
ទៅកាន់ទំព័រ៖