ព្រះត្រៃបិដក ភាគ ០៦
ឥឡូវតថាគតទៅកាន់ក្រុងនៃពួកជនអ្នកកាសី ដើម្បីនឹងសំដែងធម្មចក្ក (ដោយបំណងថា) តថាគតនឹងទូងនូវស្គរ គឺអមតនិព្វាន ចំពោះសត្វលោក ដែលងងឹត គឺអវិជ្ជាកំពុងគ្របសង្កត់។
ឧបកាជីវកក៏តបថា ម្នាលអាវុសោ អ្នកប្តេជ្ញាខ្លួនអ្នកថាយ៉ាងណា អ្នក(គួរដើម្បីបាននូវឈ្មោះ)ថា អនន្តជិនៈ (យ៉ាងនោះឯង)។ ព្រះសម្មាសម្ពុទ្ធ ទ្រង់មានព្រះពុទ្ធដីកាទៀតថា។
ជនទាំងឡាយណាបានដល់នូវធម៌សម្រាប់ធ្វើអាសវៈឲ្យអស់ទៅ ជនទាំងឡាយនោះឈ្មោះថា ជិនៈ (ជាអ្នកឈ្នះកិលេស) ប្រាកដដូចជាតថាគតដែរ។ តថាគតបានឈ្នះបាបធម៌ទាំងឡាយហើយ ម្នាលឧបកៈ ព្រោះហេតុនោះ ទើបតថាគតបាននូវឈ្មោះថា ជិនៈ (ជាអ្នកឈ្នះបាបធម៌)។
កាលព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកាយ៉ាងនេះហើយ ឧបកាជីវកពោលពាក្យថា ម្នាលអាវុសោ ពាក្យយ៉ាងហ្នឹង ពិតមែនហើយ (ថាហើយ) ក៏ងក់ក្បាល ហើយកាន់យកផ្លូវខុស (គឺដើរបែកផ្លូវគ្នា) ចៀសចេញទៅ។
ID: 636793420813514331
ទៅកាន់ទំព័រ៖