ព្រះត្រៃបិដក ភាគ ០៦
ទាំងឡាយក៏ឲ្យបព្វជ្ជា ឧបសម្បទា យោធាទាំងនោះ។ ពួកមហាមាត្យ ជានាយកលើសេនាបានសួររាជអាមាត្យ (ខ្ញុំរាជការ) ទាំងឡាយថា នែនាយ ពួកយោធាឈ្មោះនេះផង ឈ្មោះនេះផង ហេតុដូចម្តេចក៏មិនឃើញ។ រាជអាមាត្យឆ្លើយថា បពិត្រអ្នកម្ចាស់ ពួកយោធាឈ្មោះនេះផង ឈ្មោះនេះផង ទៅបួសនឹងពួកភិក្ខុហើយ។ មហាមាត្យទាំងឡាយដែលជានាយកលើសេនា ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្រ មិនសមបើនឹងបំបួសរាជអាមាត្យ (ដូច្នេះ)សោះ។ ពួកមហាមាត្យ ដែលជានាយកលើសេនាក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះបាទពិម្ពិសារសេនិយៈ ជាធំក្នុងដែនមគធៈ។ លំដាប់នោះ ព្រះបាទពិម្ពិសារសេនិយៈ ជាធំក្នុងដែនមគធៈ ទ្រង់សួរមហាមាត្យដែលប្រកបដោយវោហារ (ចៅក្រម) ថា នែនាយ នរណាបំបួសរាជអាមាត្យ អ្នកនោះត្រូវទទួលទោសដូចម្តេច។ មហាមាត្យក្រាបទូលថា បពិត្រព្រះសម្មតិទេព ត្រូវកាត់ក្បាលឧបជ្ឈាយ៍ ត្រូវដកអណ្តាតនៃអនុស្សាវកាចារ្យ ត្រូវកាត់ឆ្អឹងជំនីរពាក់កណ្តាលរបស់គណៈសង្ឃ។ គ្រានោះឯង ព្រះបាទពិម្ពិសារសេនិយៈ ជាធំក្នុងដែនមគធៈ ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ។ លុះចូលទៅដល់ហើយ ទ្រង់ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ ព្រះបាទពិម្ពិសារសេនិយៈ ជាធំក្នុងដែនមគធៈ ទ្រង់គង់ក្នុងទីដ៏សមគួរហើយ ទ្រង់ក្រាបបង្គំទូលយ៉ាងនេះ
ID: 636793611525416854
ទៅកាន់ទំព័រ៖