ព្រះត្រៃបិដក ភាគ ០៦
ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ (បើ) អ្នកទាំងឡាយមិនទាន់ប្រាប់ពួកឧបជ្ឈាយ៍ (ឲ្យដឹងជាមុនទេ) មិនត្រូវធ្វើអាវរណកម្មឡើយ។ ភិក្ខុណាធ្វើ ត្រូវអាបត្តិទុក្កដ។
[១២៣] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុប្រលោមយកពួកសាមណេររបស់ពួកភិក្ខុជាថេរៈ ព្រះថេរៈទាំងឡាយ ក៏បានសេចក្តីលំបាក ដោយកាន់យកឈើស្ទន់ និងទឹកលុបមុខដោយខ្លួនឯង។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនគប្បីប្រលោមយកបរិសទ្យរបស់ភិក្ខុដទៃឡើយ។ ភិក្ខុណាប្រលោមយក ត្រូវអាបត្តិទុក្កដ
(១)។
[១២៤] សម័យនោះឯង សាមណេរឈ្មោះកណ្តកៈ (ជាសិស្ស) របស់ព្រះឧបនន្ទសក្យដ៏មានអាយុ ប្រទុស្ត (សេពមេថុនធម្ម) នឹងភិក្ខុនីឈ្មោះកណ្តកី។ ភិក្ខុទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា
(១) អដ្ឋកថា ថា ភិក្ខុបំបែកសាមណេរ ឬឧបសម្បន្ន ដែលជាបរិសទ្យរបស់ភិក្ខុដទៃ ដោយហោចទៅ ទោះបីបរិសទ្យរបស់ភិក្ខុទ្រុស្តសីលក៏មិនគួរ។ តែបើនិយាយប្រាប់ទោសថា អ្នកឯងនៅអាស្រ័យនឹងភិក្ខុទ្រុស្តសីល ដូចជាបុគ្គលងូតទឹក ហើយមកប្រឡាក់លាមកវិញ (ក៏សាមណេរ ឬឧបសម្បន្ននោះមកឯងៗ) ដូច្នេះ គួរ។
ID: 636793762484611226
ទៅកាន់ទំព័រ៖