ព្រះត្រៃបិដក ភាគ ០៦
ទាំងឡាយខ្លួនឯង ទៅកាន់អារាម ហើយថ្វាយបង្គំភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយសួរយ៉ាងនេះថា ម្នាលអាវុសោ លោកបួសបានប៉ុន្មានវស្សាហើយ។ កុលបុត្រនោះត្រឡប់សួរថា ម្នាលអាវុសោ ពាក្យដែលថាបួសបានប៉ុន្មានវស្សានុ៎ះ តើដូចម្តេច។ ភិក្ខុទាំងឡាយសួរតទៅទៀតថា ម្នាលអាវុសោ ចុះលោកណាជាឧបជ្ឈាយ៍របស់លោក។ កុលបុត្រនោះក៏ត្រឡប់សួរបកមកទៀតថា ម្នាលអាវុសោ ពាក្យដែលហៅថាឧបជ្ឈាយ៍នុ៎ះ តើដូចម្តេច។ ភិក្ខុទាំងឡាយនិយាយពាក្យនេះនឹងព្រះឧបាលិដ៏មានអាយុថា ម្នាលអាវុសោឧបាលិ សូមនិមន្តលោកជម្រះសួរបព្វជិតនេះមើល។ ឯកុលបុត្រចាស់ដែលគ្មានញាតិសាលោហិតនោះ កាលបើត្រូវព្រះឧបាលិដ៏មានអាយុជម្រះសួរហើយ ក៏ប្រាប់នូវសេចក្តីនុ៎ះតាមត្រង់។ ព្រះឧបាលិដ៏មានអាយុ ដំណាលរឿងនុ៎ះប្រាប់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលជាថេយ្យសំវាស (លួចសំវាស) ជាឧបសម្បន្នមិនបានទេ សង្ឃមិនគប្បីឲ្យឧបសម្បទាឡើយ (បើ) ជាឧបសម្បន្នហើយ គប្បីឲ្យវិនាសចេញ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលជាតិត្ថិយបក្កន្តកៈ (ចូលពួកតិរ្ថិយ) ជាឧបសម្បន្នមិនបានទេ សង្ឃមិនគប្បីឲ្យឧបសម្បទាឡើយ (បើ) ជាឧបសម្បន្នហើយ គប្បីឲ្យវិនាសចេញ។
ID: 636793763597144859
ទៅកាន់ទំព័រ៖