ព្រះត្រៃបិដក ភាគ ០៦
ឧបសម្បទាបេក្ខៈ ពីរនាក់បាន
(១)។ សម័យនោះឯង មានពួកឧបសម្បទាបេក្ខៈរបស់ព្រះថេរៈច្រើនអង្គ។ ពួកឧបសម្បទាបេក្ខៈទាំងនោះប្រកែកគ្នាថា ខ្ញុំនឹង(បំពេញ)ឧបសម្បទាមុន ខ្ញុំនឹង(បំពេញ)ឧបសម្បទាមុន។ ព្រះថេរៈទាំងឡាយបាននិយាយយ៉ាងនេះថា នែអាវុសោ ណ្ហើយ យើងនឹងសូត្រអ្នកទាំងឡាយក្នុងអនុស្សាវនាជាមួយគ្នា។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនោះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គអនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុសូត្រអនុស្សាវនាជាមួយគ្នាចំពោះឧបសម្បទាបេក្ខៈពីរ ឬបីរូបបាន
(២) តែការសូត្រអនុស្សាវនានោះ បានតែដោយឧបជ្ឈាយ៍ជាមួយគ្នា ឧបជ្ឈាយ៍ផ្សេងគ្នាមិនបានឡើយ។
[១៤១] សម័យនោះឯង កុមារកស្សបដ៏មានអាយុមានឆ្នាំ២០ ដោយរាប់យកឆ្នាំតាំងពីនៅក្នុងគភ៌ផងបានឧបសម្បទា។ ទើបកុមារកស្សបដ៏មានអាយុ មានសេចក្តីត្រិះរិះថា ព្រះដ៏មានព្រះភាគបញ្ញត្តហើយថា ភិក្ខុមិនត្រូវឲ្យឧបសម្បទាដល់បុគ្គលមានអាយុមិនគ្រប់២០ឆ្នាំ ដូច្នេះ ក៏អាត្មាអញមានឆ្នាំ២០ រាប់ទាំងឆ្នាំដែលនៅក្នុងគភ៌ផងបានឧបសម្បទា
(១)- (២) (អដ្ឋកថា) គ្រូសូត្រ១រូប នឹងសូត្រកម្មវាចាឲ្យឧបសម្បទាដល់ឧបសម្បទាបេក្ខបុគ្គលពីររូបក្តី បីរូបក្តី ដំណាលគ្នាតែម្តងបាន ឥតមានទាស់ទេ ម្យ៉ាងទៀត បើគ្រូសូត្រពីររូបក្តី បីរូបក្តី នឹងសូត្រកម្មវាចាឲ្យឧបសម្បទាដល់ឧបសម្បទាបេក្ខបុគ្គលពីររូបក្តី បីរូបក្តី ចំពោះកូនសិស្សមួយៗ ជាមួយគ្នាតែម្តងក៏បាន។
ID: 636793770665289134
ទៅកាន់ទំព័រ៖