ព្រះត្រៃបិដក ភាគ ០៦
ហើយ ត្រូវឲ្យសង្ឃជ្រាបថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ និមិត្រទាំងឡាយដែលសង្ឃកំណត់ហើយ ដោយជុំវិញ មានកំណត់ត្រឹមណា បើសម្មតិកម្មមានកាលគួរដល់សង្ឃហើយ គួរសង្ឃសន្មតសីមាឲ្យជាទីមានសំវាសស្មើគ្នា មានឧបោសថជាមួយគ្នា ដោយនិមិត្រទាំងឡាយនេះ កំណត់ត្រឹមនោះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ និមិត្រទាំងឡាយ ដែលសង្ឃកំណត់ហើយ ដោយជុំវិញ មានកំណត់ត្រឹមណា ឥឡូវសង្ឃសន្មតសីមា ឲ្យជាទីមានសំវាសស្មើគ្នា មានឧបោសថជាមួយគ្នា ដោយនិមិត្រទាំងឡាយនេះ មានកំណត់ត្រឹមនោះ។ សេចក្តីសន្មតិសីមា ឲ្យជាទីមានសំវាសស្មើគ្នា មានឧបោសថជាមួយគ្នា ដោយនិមិត្រទាំងឡាយនេះ គាប់ចិត្តដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះត្រូវស្ងៀម មិនគាប់ចិត្តដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះត្រូវនិយាយឡើង។ សីមាមានសំវាសស្មើគ្នា មានឧបោសថជាមួយគ្នា សង្ឃបានសន្មតដោយនិមិត្រទាំងឡាយនេះហើយ។ ការសន្មតិសីមានោះ គាប់ចិត្តដល់សង្ឃ ហេតុនោះ ទើបសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវដំណើរនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។
ID: 636793786053729302
ទៅកាន់ទំព័រ៖