ព្រះត្រៃបិដក ភាគ ០៦
អង្គនោះនិយាយឡើង។ សង្ឃសន្មតរបៀងឧបោសថ ដោយនិមិត្រទាំងឡាយនេះហើយ។ ការសន្មតិរបៀងឧបោសថនោះ គាប់ចិត្តដល់សង្ឃ ហេតុនោះទើបសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។
[១៦០] ក៏សម័យនោះឯង ក្នុងអាវាសមួយ ពួកភិក្ខុខ្ចីវស្សា ប្រជុំគ្នាមុន ក្នុងថ្ងៃដែលធ្វើឧបោសថនោះ ហើយចៀសចេញទៅ ដោយគិតថា ព្រះថេរៈទាំងឡាយមិនមកទេ។ ឧបោសថក៏នៅជាគ្មានកំណត់កាល។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុទាំងឡាយជាថេរៈ ប្រជុំគ្នាមុន ក្នុងថ្ងៃដែលធ្វើឧបោសថនោះ។
[១៦១] ក៏សម័យនោះឯង ក្នុងក្រុងរាជគ្រឹះ មានអាវាសជាច្រើន តែមានសីមាស្មើគ្នា (មានសីមាតែមួយ)។ ភិក្ខុទាំងឡាយក្នុងអាវាសទាំងនោះ ជជែកគ្នាថា ចូរសង្ឃធ្វើឧបោសថក្នុងអាវាសយើងវិញ ចូរសង្ឃធ្វើឧបោសថក្នុងអាវាសយើងវិញ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងទីនេះ មានអាវាសច្រើន មានសីមាស្មើគ្នា ភិក្ខុទាំងឡាយក្នុងអាវាសទាំងនោះ ជជែកគ្នាថា ចូរសង្ឃធ្វើឧបោសថក្នុងអាវាសយើងវិញ
ID: 636793795901522564
ទៅកាន់ទំព័រ៖