ព្រះត្រៃបិដក ភាគ ០៦
ឧបោសថហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុជាថេរៈបង្គាប់ភិក្ខុខ្ចី។ ពួកភិក្ខុខ្ចី ដែលព្រះថេរៈបង្គាប់ហើយ ក៏នៅតែមិនក្រាលអាសនៈ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនឈឺ (បើ) ភិក្ខុជាថេរៈបង្គាប់ហើយ មិនត្រូវមិនក្រាលអាសនៈទេ ភិក្ខុណាមិនក្រាល ត្រូវអាបត្តិទុក្កដ។ ក៏សម័យនោះឯង ក្នុងរោងឧបោសថគ្មានប្រទីប។ ភិក្ខុទាំងឡាយ ជាន់កាយគ្នាខ្លះ ជាន់ចីវរគ្នាខ្លះ ក្នុងទីងងឹត។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុអុជប្រទីបក្នុងរោងឧបោសថ។ ទើបភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា ត្រូវអ្នកណាអុជប្រទីបក្នុងរោងឧបោសថហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មាន
ID: 636793805171372769
ទៅកាន់ទំព័រ៖