ព្រះត្រៃបិដក ភាគ ០៦
[១៩៨] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ក្នុងសាសនានេះ បើពួកអាគន្តុកភិក្ខុ ឃើញអាការរបស់អាវាសិកភិក្ខុ ឃើញភេទរបស់អាវាសិកភិក្ខុ ឃើញនិមិត្តរបស់អាវាសិកភិក្ខុ ឃើញឧទ្ទេសរបស់អាវាសិកភិក្ខុ ឃើញគ្រែ តាំង ពូក ខ្នើយ ដែលគេរៀបចំទុកល្អ ទឹកសម្រាប់ឆាន់ និងទឹកសម្រាប់ប្រើប្រាស់ ដែលគេដំកល់ទុកល្អ ឃើញទីបរិវេណរលីងល្អ របស់អាវាសិកភិក្ខុទាំងឡាយ លុះបានឃើញហើយ ក៏មានសេចក្តីសង្ស័យថា មានពួកអាវាសិកភិក្ខុ ឬគ្មានទេ។ អាគន្តុកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ ក៏មិនបានគន់មើលឡើយ លុះមិនបានគន់មើលហើយ ក៏ធ្វើឧបោសថទៅ នោះត្រូវអាបត្តិទុក្កដ។ អាគន្តុកភិក្ខុទាំងនោះ មានសេចក្តីសង្ស័យ ក៏ខំគន់មើល លុះគន់មើលហើយ ក៏មិនឃើញ លុះមិនឃើញហើយ ក៏ធ្វើឧបោសថទៅ ឥតត្រូវអាបត្តិឡើយ។ អាគន្តុកភិក្ខុទាំងនោះ មានសេចក្តីសង្ស័យ ក៏ខំគន់មើល លុះគន់មើលទៅហើយ ក៏បានឃើញ លុះឃើញហើយ ក៏ធ្វើឧបោសថជាមួយគ្នា ឥតត្រូវអាបត្តិឡើយ។ អាគន្តុកភិក្ខុទាំងនោះ មានសេចក្តីសង្ស័យ ក៏ខំគន់មើល លុះគន់មើលហើយ ក៏បានឃើញ លុះឃើញហើយ ក៏ធ្វើឧបោសថផ្សេងគ្នា នោះត្រូវអាបត្តិទុក្កដ។ អាគន្តុកភិក្ខុទាំងនោះ មានសេចក្តីសង្ស័យ ហើយខំគន់មើល លុះគន់មើលហើយ ក៏ឃើញ លុះឃើញហើយ ក៏មានបំណងនឹងបំបែកថា ភិក្ខុទាំងនុ៎ះ ចូរបាត់បង់ទៅចុះ
ID: 636793821790783345
ទៅកាន់ទំព័រ៖