ព្រះត្រៃបិដក ភាគ ០៦
កាលដែលចិត្តផុតស្រឡះ (ចាកអាសវៈ) ហើយ ញាណ (របស់អរិយសាវកនោះ) ក៏កើតឡើងប្រាកដថា ចិត្ត(របស់អញ) ផុតស្រឡះ (ចាកអាសវៈ)ហើយ (អរិយសាវកនោះ) ក៏ដឹងច្បាស់ដូច្នេះថា ជាតិ (របស់អញ)អស់ហើយ មគ្គព្រហ្មចរិយធម៌ អញបាននៅរួចហើយ កិច្ចដែលគួរធ្វើ អញក៏បានធ្វើរួចហើយ កិច្ចឯទៀតក្រៅពីនេះ មិនមាន (ដល់អញ)ឡើយ។
[២៤] ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់បានសំដែងនូវសូត្រនេះចប់ហើយ។ បញ្ចវគ្គិយភិក្ខុទាំងឡាយ ក៏មានចិត្តត្រេកអររីករាយចំពោះភាសិតនៃព្រះដ៏មានព្រះភាគជាម្ចាស់។ ក៏កាលដែលព្រះដ៏មានព្រះភាគជាម្ចាស់កំពុងត្រាស់សំដែងនូវវេយ្យាករណ៍នេះ ចិត្តរបស់ភិក្ខុទាំង៥រូប បានរួចស្រឡះហើយចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ (ថាអញ ថាយើង)ឡើយ។ ក្នុងសម័យនោះឯង មានព្រះអរហន្ត៦អង្គក្នុងលោកជាដម្បូង (រាប់ទាំងព្រះដ៏មានព្រះភាគផង)។
ចប់ បឋមភាណវារៈ។
[២៥] សម័យនោះឯង ក្នុងក្រុងពារាណសី មានកុលបុត្រ (ម្នាក់) ឈ្មោះយស ជាកូនសេដ្ឋី ជាបុគ្គលចំរើនដោយសេចក្តីសុខ។ យសកុលបុត្រនោះមានប្រាសាទ៣ ប្រាសាទ១ សម្រាប់នៅក្នុងរដូវរងា ប្រាសាទ១សម្រាប់នៅក្នុងរដូវក្តៅ ប្រាសាទ១ សម្រាប់នៅក្នុងរដូវភ្លៀង។
ID: 636793429634039839
ទៅកាន់ទំព័រ៖