ព្រះត្រៃបិដក ភាគ ០៦
ទាំង៥០នាក់នោះ បានឃើញអរិយសច្ចធម៌ហើយ បានដល់អរិយសច្ចធម៌ហើយ បានត្រាស់ដឹងអរិយសច្ចធម៌ហើយ បានចុះចិត្តស៊ប់ក្នុងអរិយសច្ចធម៌ហើយ ឆ្លងផុតសេចក្តីសង្ស័យ មិនមានងឿងឆ្ងល់ ដល់នូវភាវៈជាអ្នកក្លាហាន មិនបាច់ជឿស្តាប់ពាក្យបុគ្គលដទៃ ក្នុងសាសនានៃព្រះសាស្តា ក៏ក្រាបទូលព្រះដ៏មានព្រះភាគដោយពាក្យនេះថា បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងឡាយនេះ គួរបានបព្វជ្ជា គួរបានឧបសម្បទាក្នុងសំណាក់ព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅថា អ្នកទាំងឡាយ ចូរមកជាភិក្ខុចុះ ហើយទ្រង់ត្រាស់ថា សាសនធម៌ តថាគតពោលល្អហើយ អ្នកទាំងឡាយចូរប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃកងទុក្ខដោយល្អចុះ។ ព្រះពុទ្ធដីកានោះឯង ជាឧបសម្បទារបស់លោកដ៏មានអាយុទាំងអម្បាលនោះ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ទូន្មាន ប្រៀនប្រដៅភិក្ខុទាំងអម្បាលនោះដោយធម្មីកថា។ ភិក្ខុទាំងអម្បាលនោះ កាលដែលព្រះដ៏មានព្រះភាគកំពុងទូន្មានប្រៀនប្រដៅដោយធម្មីកថា ចិត្តក៏រួចចាកអាសវធម៌ទាំងឡាយ ឥតមានជាប់ចំពាក់ដោយឧបាទានឡើយ។ ព្រះអរហន្តទាំងឡាយ៦១អង្គកើតឡើងក្នុងលោក ក្នុងកាលនោះឯង។
ID: 636793436270803507
ទៅកាន់ទំព័រ៖