ព្រះត្រៃបិដក ភាគ ០៦
យប់មុន។ លុះរាត្រីនោះកន្លងហើយ ទើបជដិលឈ្មោះឧរុវេលកស្សបចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបទូលព្រះដ៏មានព្រះភាគ ដោយពាក្យដូច្នេះថា បពិត្រមហាសមណៈ កាល(នេះ) ជាកាលសមគួរហើយ ភត្តាហារក៏សម្រេចហើយ បពិត្រមហាសមណៈ ចុះអ្នកណាដែលមានពណ៌ល្អ បណ្តាលរស្មីឲ្យភ្លឺក្នុងដងព្រៃទាំងអស់ ក្នុងវេលាកណ្តាលអធ្រាត្រ ហើយចូលមកគាល់ព្រះអង្គ លុះចូលមកដល់ហើយ ថ្វាយបង្គំព្រះអង្គ ទើបឋិតនៅក្នុងទីដ៏សមគួរ មានគួរនាដូចគំនរភ្លើងធំដ៏រុងរឿង និងឧត្តមជាងរស្មីនៃពណ៌ដែលមានហើយក្នុងកាលយប់មុន ។ ទ្រង់ត្រាស់ថា នែកស្សប អ្នកនោះហើយ គឺសក្កទេវរាជ ជាធំជាងទេវតាទាំងឡាយ ចូលមករកតថាគត ដើម្បីនឹងស្តាប់ធម៌។ គ្រានោះ ជដិលឈ្មោះឧរុវេលកស្សបមានសេចក្តីត្រិះរិះយ៉ាងនេះថា មហាសមណៈ (នេះ) មានឫទ្ធិខ្លាំង មានអានុភាពធំមែន ព្រោះថា សក្កទេវរាជ ជាធំជាងពួកទេវតា គង់ចូលមកគាល់ដើម្បីនឹងស្តាប់ធម៌ តែបើទុកជាយ៉ាងនោះ ក៏គង់មិនមែនជាព្រះអរហន្តដូចអញទេ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់សោយភត្តាហាររបស់ជដិលឈ្មោះឧរុវេលកស្សបស្រេចហើយ ទ្រង់ប្រថាប់នៅក្នុងដងព្រៃនោះឯង។
ចប់ បាដិហារ្យជាគំរប់៣។
ID: 636793547737048368
ទៅកាន់ទំព័រ៖