ព្រះត្រៃបិដក ភាគ ០៦
ឧត្តរកុរុទ្វីបនោះ ហើយទ្រង់សោយជិតស្រះអនោត្ត ហើយទ្រង់សម្រាកឥរិយាបទនៅក្នុងវេលាថ្ងៃក្នុងកន្លែងនោះឯង។កាលបើរាត្រីនោះកន្លងទៅហើយ ទើបជដិលឈ្មោះឧរុវេលកស្សបចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដោយពាក្យនេះថា បពិត្រមហាសមណៈ កាល(នេះ) ជាកាលសមគួរហើយ ភត្តាហារក៏សម្រេចហើយ បពិត្រមហាសមណៈ ហេតុដូចម្តេច ក៏ព្រះអង្គមិនយាងមកក្នុងថ្ងៃម្សិលមិញ ចំណែកខ្ញុំ ៗតែងរលឹកព្រះអង្គ ទន្ទឹងចាំមើលផ្លូវថា មហាសមណៈមិនមកទេឬអ្វី ហើយបានទាំងដំកល់ចំណែកខាទនីយាហារទុក ដើម្បីព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា នែកស្សប ក្រែងអ្នកត្រិះរិះដូច្នេះថា ក្នុងកាលឥឡូវនេះ គ្រឿងបូជាធំនឹងកើតឡើងដល់អញ ដ្បិតថា ជនអ្នកនៅក្នុងដែនអង្គៈ និងមគធៈទាំងអស់គ្នា នឹងនាំយកខាទនីយភោជនីយាហារមានប្រមាណច្រើនចូលមកបូជា បើមហាសមណៈនឹងធ្វើឥទ្ធិប្បាដិហារ្យក្នុងទីប្រជុំមហាជន ឯលាភសក្ការៈនឹងចំរើនដល់មហាសមណៈ លាភសក្ការៈរបស់អញ នឹងសាបសូន្យទៅ ឱមហាសមណៈ កុំគប្បីមកឆាន់ក្នុងថ្ងៃស្អែកទៅអេះ ដូច្នេះ ពិតមែនឬទេ នែកស្សប ចំណែកតថាគតឯង បានដឹងសេចក្តីបរិវិតក្កក្នុងចិត្តរបស់អ្នកឯង ដោយចិត្តតថាគត ហើយតថាគតក៏ទៅកាន់ឧត្តរកុរុទ្វីប នាំយកចង្ហាន់បិណ្ឌបាតមកអំពីទ្វីបនោះ រួចឆាន់ជិតស្រះអនោត្ត ហើយ
ID: 636793548672921897
ទៅកាន់ទំព័រ៖