ព្រះត្រៃបិដក ភាគ ០៦
សក្កទេវរាជ ជាធំជាងពួកទេវតា ជ្រាបចេតោបរិវិតក្ក (ព្រះតម្រិះ) របស់ព្រះដ៏មានព្រះភាគ ដោយចិត្តរបស់ខ្លួន ទើបនាំយកថ្ម១ផែនធំ មកថ្វាយដោយពាក្យថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ បោកគក់សំពត់បង្សុកូលលើថ្មនេះចុះ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់រំពឹងថា តថាគតគួរពាក់ព្យួរ ហើយពូតនឹងរបស់អ្វីហ្ន៎។ លំដាប់នោះ មានទេវតាអាស្រ័យនៅលើដើមថ្ងាន់ ជ្រាបចេតោបរិវិតក្ក របស់ព្រះដ៏មានព្រះភាគ ដោយចិត្តរបស់ខ្លួន ទើបបង្អោនមែកថ្ងាន់ឲ្យទាបចុះមក ដោយពាក្យថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ពាក់ព្យួរ ហើយពូតនឹងមែនថ្ងាន់នេះចុះ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់រំពឹងទៀតថា តថាគតគួរត្រដាងហាលសំពត់បង្សុកូលត្រង់កន្លែងណាហ្ន៎។ ខណៈនោះ សក្កទេវរាជ ជាធំជាងទេវតា ទ្រង់ជ្រាបចេតោបរិវិតក្ករបស់ព្រះដ៏មានព្រះភាគ ដោយចិត្តរបស់ខ្លួន ទើបនាំយកថ្ម១ផែនធំមកថ្វាយ ដោយពាក្យថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់ត្រដាងហាលសំពត់បង្សុកូលលើថ្មនេះចុះ។ កាលបើរាត្រីនោះកន្លងទៅហើយ ជដិលឈ្មោះឧរុវេលកស្សប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបទូលព្រះដ៏មានព្រះភាគ ដោយពាក្យនេះថា មហាសមណៈ កាលនេះជាកាលសមគួរហើយ ភត្តាហារក៏សម្រេចហើយ បពិត្រមហាសមណៈ ស្រះបោក្ខរណីនេះ ពីមុនមិនមានក្នុងកន្លែងនេះ
ID: 636793549290807238
ទៅកាន់ទំព័រ៖