ព្រះត្រៃបិដក ភាគ ៦០
បពិត្រព្រះរាជា សូមព្រះអង្គសោយនូវផ្លែទន្លាប់ ជាទីគាប់ចិត្តព្រះហឫទ័យ ផ្លែស្រគំ និងផ្លែដង្កៀបក្តាមតូចៗ ដ៏ប្រសើរប្រសើរចុះ។ បពិត្រមហារាជ ទឹកនេះសោតក៏ត្រជាក់ ដែលពួកឥសីនាំមកអំពីជ្រោះភ្នំ សូមព្រះអង្គសោយ (នូវទឹក) អំពីជ្រោះនោះចុះ បើព្រះអង្គប្រាថ្នា។ ពួកឥសីអ្នកនៅក្នុងអាស្រមនេះ ទៅកាន់ព្រៃដើម្បីស្វែងរក (អាហារ) ហើយ សូមព្រះអង្គក្រោកឡើង យកដោយព្រះអង្គឯងចុះ ខ្ញុំព្រះអង្គមិនមានដៃថ្វាយទេ។
[២៧៨] (ព្រះរាជា…) សត្វបក្សីទ្វិជាតិនេះល្អ ប្រកបដោយធម៌ណាស់តើ ចំឡែកតែបក្សីសេកក្រៅពីនេះនុ៎ះ និយាយពាក្យអាក្រក់ថា អ្នកទាំងឡាយ ចូរសម្លាប់ ចូរចងនូវស្តេចនេះ អ្នកទាំងឡាយកុំលែងជីវិតឡើយ កាលសេកនោះកំពុងនិយាយយ៉ាងនេះ យើងក៏បានចេញមកដល់ទីអាស្រមនេះដោយសួស្តី។
[២៧៩] (សេកបុប្ផកៈ…) បពិត្រមហារាជ យើងខ្ញុំទាំងពីរជាបងប្អូនរួមផ្ទៃ មានមាតាជាមួយគ្នា ធំឡើងនៅលើដើមឈើតែមួយ តែឃ្លាតទៅក្នុងខេត្តផ្សេងគ្នា។ សត្តិគុម្ពៈទៅក្នុងសំណាក់នៃពួកចោរ ឯខ្ញុំព្រះអង្គមកនៅក្នុងសំណាក់នៃពួកឥសីក្នុងទីនេះ សត្តិគុម្ពៈ (ចូលទៅកាន់សំណាក់) នៃពួកអសប្បុរស ខ្ញុំព្រះអង្គ (ចូលមកកាន់សំណាក់) នៃពួកសប្បុរស (ហេតុនោះ) សត្តិគុម្ពៈនិងខ្ញុំ មិនវៀរចាកធម៌
(១) នោះទេ។
(១) ចោរធម៌ និងឥសិធម៌។
ID: 636872923462673465
ទៅកាន់ទំព័រ៖