ព្រះត្រៃបិដក ភាគ ៦០
បពិត្រព្រះជនិន្ទ ពួកអ្នកចាំទ្វារ មានព្រះខ័នកាន់ហើយ ពួកពេជ្ឈឃាដមក ដើម្បីសម្លាប់ទូលព្រះបង្គំជាខ្ញុំ ថ្ងៃនេះទូលព្រះបង្គំជាខ្ញុំ មានកំហុសដូចម្តេចក្នុងរឿងនេះ ទូលព្រះបង្គំសួរហើយ សូមទ្រង់ប្រាប់សេចក្តីនុ៎ះ។
[២៩៦] (ព្រះរាជា…) ទិព្វចក្ខុតាបស ជាអ្នកមិនធ្វេសប្រហែស ធ្វើការស្រោចទឹកបូជាភ្លើង រាល់ពេលល្ងាចព្រឹក ព្រោះហេតុអ្វីបានជាឯងហៅទិព្វចក្ខុតាបសនោះ ដែលជាអ្នកមានសេចក្តីសង្រួម ជាអ្នកប្រព្រឹត្តនូវធម៌ដ៏ប្រសើរ មានសភាពដូច្នោះ ថាជាគហបតី។
[២៩៧] (សោមនស្សកុមារ…) បពិត្រព្រះសម្មតិទេព វត្ថុទាំងឡាយនៃកុលុបកៈនោះ មានច្រើនយ៉ាងណាស់ គឺផ្លែត្នោតផង ត្រាវ និងដំឡូងផង ផ្លែឈើវល្លិ៍ទាំងឡាយផង កុលុបកតាបស របស់ព្រះអង្គនោះ ជាអ្នកមិនមានសេចក្តីធ្វេសប្រហែស តែងគ្រប់គ្រងរក្សានូវវត្ថុទាំងនោះ ព្រោះហេតុនោះ បានជាទូលព្រះបង្គំជាខ្ញុំហៅតាបសនោះថា គហបតី។
[២៩៨] (ព្រះរាជា…) ម្នាលកុមារ អ្នកនិយាយពាក្យនេះពិតមែន របស់ទាំងឡាយនៃកុលុបកតាបសនោះ មានច្រើនយ៉ាង កុលុបកតាបសនោះ ជាអ្នកមិនធ្វេសប្រហែស តែងគ្រប់គ្រងរក្សានូវរបស់ទាំងនោះ ព្រោះហេតុនោះ ព្រាហ្មណ៍ក្លាយជាគហបតី។
ID: 636873019885578540
ទៅកាន់ទំព័រ៖