ព្រះត្រៃបិដក ភាគ ៦០
បពិត្រព្រះអង្គជាធំក្នុងទិស ក្សត្រត្រូវពិចារណាហើយសឹមធ្វើ មិនត្រូវធ្វើទាំងមិនពិចារណាទេ បពិត្រព្រះរាជា ដ្បិតថាយស និងសេចក្តីសរសើរ រមែងចំរើនដល់បុគ្គលអ្នកពិចារណាហើយទើបធ្វើ។ បពិត្រព្រះភូមិបាល បុគ្គលជាធំ ត្រូវតែពិចារណាហើយសឹមដាក់អាជ្ញា ការដែលបុគ្គលធ្វើដោយរួសរាន់ រមែងក្តៅក្រហាយ ម្យ៉ាងទៀត ប្រយោជន៍ទាំងឡាយដែលនរជនផ្គងឡើងត្រឹមត្រូវនោះ រមែងជាប្រយោជន៍ មិនក្តៅក្រហាយខាងក្រោយ។ ជនទាំងឡាយ បែងចែកហើយទើបធ្វើការងារទាំងឡាយ ដែលមិនមានសេចក្តីក្តៅក្រហាយក្នុងលោក ការងារទាំងនោះ ជាអំពើដែលអ្នកប្រាជ្ញសរសើរហើយថា មានសេចក្តីសុខជាកំរៃ ជាអំពើដែលអ្នកប្រាជ្ញចុះអនុមតិហើយ។ បពិត្រព្រះអង្គ ជាធំជាងជន ពួកឆ្មាំទ្វារ មានព្រះខាន់កាន់ហើយ ពួកពេជ្ឈឃាត មកដើម្បីសម្លាប់ទូលព្រះបង្គំជាខ្ញុំ បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំជាខ្ញុំ អង្គុយលើព្រះឧរូនៃមាតា ត្រូវពួកទូតទាំងនោះ ទង់ទាញមកដោយរហ័ស ទូលព្រះបង្គំជាខ្ញុំ បានដល់នូវមរណភ័យ ក៏ក្តៅក្រហាយយ៉ាងចង្អៀត លំបាកក្រៃពេក បពិត្រព្រះរាជា ជីវិតដែលជាទីស្រឡាញ់ដូចមធុរស ទូលព្រះបង្គំជាខ្ញុំបានហើយ
ID: 636873020574137923
ទៅកាន់ទំព័រ៖