ព្រះត្រៃបិដក ភាគ ៦០
ម្នាលនាគ អ្នកធ្វើតបធម៌ដើម្បីអ្វី។ ពួកនាងនាគកញ្ញានោះ ពាក់នូវគ្រឿងប្រដាប់មាស មានសម្លៀកបំពាក់ដ៏ល្អ មានម្រាមដៃមូល ប្រកបដោយផ្ទៃ (ដៃ និងជើង) ដ៏ក្រហម មានសម្បុរមិនអន់អាប់ លើក (នូវទិព្វបានៈ) ទៅថ្វាយដើម្បីសោយ ធម្មជាតប្រាកដដូច្នេះ មិនមានក្នុងមនុស្សលោកទេ ម្នាលនាគ អ្នកធ្វើតបធម៌ដើម្បីអ្វី។ ស្ទឹងទាំងឡាយមានទឹកត្រជាក់ មានត្រីមានស្រកាក្រាស់ មានអាទាសបក្សីយំពីរោះ មានកំពង់ល្អ ធម្មជាតប្រាកដដូច្នេះ មិនមានក្នុងមនុស្សលោកទេ ម្នាលនាគ អ្នកធ្វើតបធម៌ដើម្បីអ្វី។ ហ្វូងក្រៀល ក្ងោក ហង្ស តាវ៉ៅ ដ៏ជាទិព្វ ស្រែកនូវសម្រែកដ៏ពីរោះ ហើរទំពីព្រឹក្សាមួយ ទៅរកព្រឹក្សាមួយ ធម្មជាតដែលប្រាកដដូច្នេះ មិនមានក្នុងមនុស្សលោកទេ ម្នាលនាគ អ្នកធ្វើតបធម៌ដើម្បីអ្វី។ ដើមស្វាយ ដើមសាលព្រឹក្ស ដើមមៀន ដើមព្រីង ដើមរាជព្រឹក្ស ដើមជ្រនៀងទាំងឡាយ មានផ្ការីកស្គុះស្គាយ រុក្ខជាតដែលប្រាកដដូច្នេះ មិនមានក្នុងមនុស្សលោកទេ
ID: 636873023034588653
ទៅកាន់ទំព័រ៖