ព្រះត្រៃបិដក ភាគ ៦០
គំនរកែវមុក្តា មានប្រាំពាន់វាហៈ (រទេះ) គំនរកែវពៃទូរ្យ (ប្រាំពាន់វាហៈ) នេះ សូមពួកជននាំទៅអំពីនាគពិភពនេះ ហើយក្រាលលើផែនដីខាងក្នុងបូរី ឲ្យជាទីមិនមានភក់ មិនមានធូលី។ បពិត្រព្រះរាជាដ៏ប្រសើរ សូមព្រះអង្គគ្រប់គ្រងក្រុងពារាណសី ឲ្យជាវិមានប្រសើរ មានលំអច្រើនអន្លើ ជានគរស្តុកស្តម្ភ ទូលំទូលាយ មានសភាពដូច្នេះចុះ បពិត្រព្រះអង្គមានប្រាជ្ញាមិនថោកថយ សូមព្រះអង្គសោយរាជ្យចុះ។
ចប់ ចម្បេយ្យជាតក ទី១០។
មហាបលោភនជាតក ទី១១
[៣៣៧] (ព្រះមានព្រះភាគទ្រង់ត្រាស់សំដែងជាតកនេះថា) ទេវបុត្រមានឫទ្ធិច្រើន ច្យុតចាកព្រហ្មលោក បានកើតជាបុត្រនៃព្រះរាជា ទ្រង់ឋិតនៅក្នុងសម្បត្តិជាគ្រឿងញ៉ាំងសេចក្តីប្រាថ្នាទាំងពួងឲ្យសម្រេច។ កាមទាំងឡាយក្តី កាមសញ្ញាក្តី មិនមានក្នុងព្រហ្មលោកទេ ព្រះរាជបុត្រនោះនឿយណាយចាកកាមទាំងឡាយ ព្រោះឈានសញ្ញា (ដែលកើតក្នុងព្រហ្មលោក) នោះឯង។ ក៏ក្នុងព្រះរាជវាំងនៃព្រះរាជានោះ មានព្រះរាជដំណាក់សម្រាប់ចំរើនឈាន ដែលគេកសាងហើយដោយល្អ ព្រះរាជបុត្រនោះ ទ្រង់សម្ងំតែមួយព្រះអង្គឯង ចំរើនឈានក្នុងទីកំបាំងក្នុងព្រះរាជដំណាក់នោះ។
ID: 636873023861935974
ទៅកាន់ទំព័រ៖