ព្រះត្រៃបិដក ភាគ ៦០
ព្រះបាទកាសីនោះ ទ្រង់បរិទេវនាការចង្អៀតចង្អល់ដោយសេចក្តីសោកព្រោះព្រះរាជបុត្រថា ព្រះរាជបុត្រតែមួយរបស់យើងនេះ មិនបរិភោគកាម។ ឧបាយក្នុងរឿងនេះដូចម្តេចហ្ន៎ ឬថា នរណាហ្ន៎ ចេះខ្វល់ខ្វាយក្នុងរឿងនេះ អ្នកណាអាចប្រលោមកូនអញ ឲ្យប្រាថ្នាកាមទាំងឡាយបាន។
[៣៣៨] ក្នុងព្រះរាជវាំងនោះឯង មានកុមារីម្នាក់ ជាស្ត្រីមានសម្បុរ និងរូបល្អ ជាស្ត្រីឈ្លាសវាងវៃក្នុងការរាំច្រៀង ទាំងបានសិក្សាល្អក្នុងការប្រគុំ កុមារីនោះ ចូលទៅគាល់ក្នុងទីនោះហើយ ក្រាបបង្គំទូល (ព្រះរាជា) ថា បើព្រះរាជឱរសនឹងបានជាព្រះភស្តានៃខ្ញុំម្ចាស់ ខ្ញុំម្ចាស់អាចនឹងប្រលោមព្រះរាជឱរសនោះឲ្យខាងតែបាន។
[៣៣៩] ព្រះរាជា ទ្រង់មានព្រះរាជឱង្ការដូច្នេះនឹងកុមារីដែលនិយាយដូច្នោះនោះថា ចូរនាងប្រលោមព្រះរាជឱរសនោះចុះ ព្រះរាជឱរសនោះ នឹងជាភស្តារបស់នាង។
[៣៤០] កុមារីនោះក៏ទៅខាងក្នុងព្រះរាជវាំង ហើយ (ច្រៀង) នូវចម្រៀង ដែលប្រកបដោយកាមច្រើនប្រការ ពោលគាថាដ៏វិចិត្រជាទីស្រឡាញ់ ជ្រួតជា្របក្នុងហឫទ័យ។
ID: 636873024139701862
ទៅកាន់ទំព័រ៖