ព្រះត្រៃបិដក ភាគ ៦០

 ​[​៣៥៣​]​ ​មហាក្សត្រ​បានឃើញ​ឥសី​កំពុង​លិច​ក្នុង​សមុទ្រ​ ​ហើយ​ពោល​គាថា​ទាំងនេះ​ ​ដោយ​សេចក្តី​អនុគ្រោះ​ដល់​តាបស​នោះ​ថា​ ​
 [​៣៥៤​]​ ​តាបស​មក​លើទឹក​មិន​បែក​ ​ដោយ​ឫទ្ធិ​ខ្លួនឯង​ ​ហើយ​លិច​ក្នុង​សមុទ្រ​ ​ព្រោះ​ដល់​នូវ​សេចក្តី​ច្រឡូក​ច្រលំ​ដោយ​ស្រ្តី​។​ ​ធម្មតា​ពួក​ស្រី​ ​ជា​អ្នកនាំ​ឲ្យ​វិលវល់​ណាស់​ ​មាន​មាយា​ច្រើន​ ​ជា​អ្នក​ញ៉ាំង​ព្រហ្មចរិយ​ធម៌​ឲ្យ​កម្រើក​ ​តែង​នាំ​ពន្លិច​ ​បុគ្គល​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​ហើយ​ ​គប្បី​វៀរ​អំពី​ចម្ងាយ​។​ ​ពួក​ស្រី​មានសំដី​ឥត​ទោស​ ​មានសំដី​ទន់ភ្លន់​ ​ស្មើដោយ​ស្ទឹង​ ​ព្រោះ​គេ​បំពេញ​បាន​ដោយ​កម្រ​ ​តែង​នាំ​ពន្លិច​ ​បុគ្គល​អ្នកដឹង​ច្បាស់​នូវ​ហេតុ​នោះ​ហើយ​ ​គប្បី​វៀរ​ចេញ​អំពី​ចម្ងាយ​។​ ​ស្រី​ទាំង​នុ៎ះ​ ​ចូល​ទៅ​គប់​រក​បុរស​ណា​ ​ព្រោះ​សេចក្តី​ពេញចិត្ត​ក្តី​ ​ព្រោះ​ទ្រព្យ​ក្តី​ ​រមែង​ដុត​បំផ្លាញ​បុរស​នោះ​យ៉ាង​ឆាប់​ ​ដូច​ភ្លើងព្រៃ​ដុត​នូវ​ឋាន​ទី​របស់​ខ្លួន​។​
 [​៣៥៥​]​ ​សេចក្តី​នឿយណាយ​ ​ក៏​កើតមានឡើង​ដល់​ឥសី​ ​ព្រោះ​បាន​ស្តាប់​ព្រះរាជ​បន្ទូល​របស់​មហាក្សត្រ​ ​ហើយ​ត្រឡប់​បាន​នូវ​ផ្លូវ​ចាស់​ ​(​ឈាន​វិសេស​)​ ​ក៏​ទៅតាម​អាកាស​វិញ​។​
 [​៣៥៦​]​ ​ព្រះមហាក្សត្រ​ជា​អ្នកប្រាជ្ញ​ ​លុះ​បានឃើញ​ឥសី​ទៅតាម​អាកាស​ហើយ​ ​ក៏បាន​នូវ​សេចក្តី​តក់ស្លុត​ ​ទ្រង់​គាប់​ព្រះរាជ​ហ្ឫទ័យ​ស៊ប់​ចំពោះ​បព្វជ្ជា​។​
ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 636873025325279673
ទៅកាន់ទំព័រ៖