ព្រះត្រៃបិដក ភាគ ៦០
[៣៧៨] (ហត្ថិបាលកុមារ…) បពិត្រព្រះរាជា អ្នកទ្រទ្រង់នូវសេចក្តីព្យាយាមវិសេសជាងជន ភាពជាសំឡាញ់ដោយមរណៈ សេចក្តីមេត្រីដោយជរា គប្បីមានដល់ជនណា ម្យ៉ាងទៀត ជនណា គប្បីដឹងថា អញនឹងមិនស្លាប់ក្នុងកាលណាមួយទេ មាតាបិតាគួរឃើញនូវជននោះ ជាបុគ្គលមិនមានរោគអស់រយនៃឆ្នាំ។ បុរសចែវទូកក្នុងទឹក នាំទូកនុ៎ះទៅកាន់ត្រើយ (ខាងនាយ) យ៉ាងណា សេចក្តីឈឺចាប់ និងសេចក្តីគ្រាំគ្រា រមែងនាំសត្វចូលទៅកាន់អំណាចនៃសេចក្តីស្លាប់អ្នកធ្វើនូវទីបំផុតជារឿយៗ យ៉ាងនោះដែរ។
[៣៧៩] (អស្សបាលកុមារ…) កាមទាំងឡាយជាភក់ផង កាមទាំងឡាយជាល្បាប់ផង ជាគ្រឿងនាំមកនូវសេចក្តីពេញចិត្ត ជាគ្រឿងឆ្លងបានដោយកម្រ ជាលំនៅនៃមច្ចុ ពួកសត្វដែលលិចចុះក្នុងភក់ ក្នុងល្បាប់នេះ ជាសត្វមានចិត្តថោកទាប ជាសភាវៈឆ្លងទៅកាន់ត្រើយ (ព្រះនិព្វាន) ពុំបានឡើយ។ អត្តភាពរបស់ទូលព្រះបង្គំជាខ្ញុំនេះ បានធ្វើនូវអំពើអាក្រក់ក្នុងកាលមុន ផលនៃកម្មនោះ ទូលព្រះបង្គំជាខ្ញុំបានកាន់យកហើយ ការួចចាកផលអកុសលនោះ មិនមានដល់ទូលព្រះបង្គំជាខ្ញុំឡើយ។
ID: 636873027875855557
ទៅកាន់ទំព័រ៖