ព្រះត្រៃបិដក ភាគ ៦០
តឹសនិបាតជាតក
កឹឆន្ទជាតក ទី១
[៤១៤] (ទេវតាពោលថា) បពិត្រព្រាហ្មណ៍ លោកពេញចិត្តនឹងអ្វី ប៉ុនប៉ងអ្វី ប្រាថ្នាអ្វី ស្វែងរកអ្វី ទើបអង្គុយម្នាក់ឯងក្នុងរដូវក្តៅដោយប្រយោជន៍អ្វី។
[៤១៥] (តាបសពោលតបថា) ក្អមដាក់នូវទឹកដ៏ធំ មានទ្រង់ទ្រាយស្អាតបាត មានឧបមាយ៉ាងណា ផ្លែស្វាយទុំ ដ៏ឧតម្តដោយពណ៌ និងក្លិន និងរស ក៏មានឧបមេយ្យយ៉ាងនោះ។ ម្នាលនាងមានអវយវៈត្រង់កណ្តាល (ចង្កេះ) មិនមានមន្ទិល អាត្មាបានឃើញផ្លែស្វាយនោះអណ្តែតតាមខ្សែទឹក ក៏ចាប់ផ្លែស្វាយនោះដោយដៃទាំងពីរ ហើយនាំយកទៅកាន់រោងបូជាភ្លើង។ លំដាប់នោះ អាត្មាបានដាក់ផ្លែស្វាយលើស្លឹកចេកទាំងឡាយដោយខ្លួនឯង ចិតនូវផ្លែស្វាយនោះដោយកាំបិត ហើយ (ឆាន់) ផ្លែស្វាយនោះ នាំចេញនូវសេចក្តីស្រេកឃ្លានរបស់អាត្មាបាន។ អាត្មានោះ ប្រាសចាកសេចក្តីក្រវល់ក្រវាយ លុះផ្លែស្វាយអស់ហើយ ក៏អត់ទ្រាំបានដោយលំបាក មិនបានសេចក្តីត្រេកអរក្នុងផ្លែឈើទាំងឡាយឯទៀតណាមួយ។ ផ្លែស្វាយនោះ នឹងនាំមកនូវសេចក្តីស្លាប់ដល់អាត្មាដោយពិត ព្រោះរីងស្គមព្រោះផ្លែស្វាយមានរសឆ្ងាញ់ មានរសផ្អែមលើសលប់ ជាទីពេញចិត្ត។
ID: 636873032180751783
ទៅកាន់ទំព័រ៖