ព្រះត្រៃបិដក ភាគ ៦០
អាត្មាបានស្រង់ផ្លែស្វាយដែលកំពុងអណ្តែតក្នុងអន្លង់ដ៏ធំអំពីស្ទឹង អាត្មានៅ (ដោយសេចក្តីស្រេកឃ្លាន) ព្រោះហេតុណា ហេតុនោះទាំងអស់ អាត្មាបានប្រាប់ដល់នាង។ អាត្មាអង្គុយអាស្រ័យនូវស្ទឹងជាទីរីករាយ ស្ទឹងនេះធំទូលាយ ប្រកបដោយត្រី នាងកុំអាលរត់ទៅ ចូរប្រាប់ខ្លួននោះដល់អាត្មាសិន។ ម្នាលនាងកល្យាណី នាងជាអ្វី ម្នាលនាងមានអវយវៈត្រង់កណ្តាល (ចង្កេះ) ដ៏ល្អ នាងមានរូបដូចកដម្បារមាសដ៏រលីង (មានដំណើរ) ដូចជាកូនខ្លាដែលកើតក្នុងញកភ្នំ (មកក្នុងទីនេះ) ដើម្បីអ្វី។ នាងនារីទាំងឡាយណា ជាអ្នកបំរើពួកទេវតា ក្នុងទេវតាទាំងឡាយផង ស្រីទាំងឡាយណាប្រកបដោយរូប ក្នុងមនុស្សលោកផង ស្រីទាំងឡាយនោះ ប្រាកដស្មើដោយរូបនៃនាង មិនមានក្នុងទេវគន្ធព្វ និងមនុស្សលោកឡើយ ម្នាលនាងមានអវយវៈខាងដើម (ភ្លៅ) ដ៏ល្អ អាត្មាសួរហើយ ចូរប្រាប់នាម និងគោត្រផង ផៅពង្សទាំងឡាយផង។
[៤១៦] (ទេវតា…) បពិត្រព្រាហ្មណ៍ លោកគង់នៅអាស្រ័យស្ទឹងឈ្មោះកោសិកី ជាទីរីករាយណា ខ្ញុំមានលំនៅត្រង់ខ្សែទឹកដ៏កាច មានអន្លង់ជាទីហូរទៅនៃទឹកដ៏ប្រសើរ អាស្រ័យនៅហើយ (ក្នុងស្ទឹងនោះ)។
ID: 636873032399084271
ទៅកាន់ទំព័រ៖