ព្រះត្រៃបិដក ភាគ ៦០

​ដ្បិត​លោកម្ចាស់​បាន​លះបង់​នូវ​កាមគុណ​ទាំងឡាយ​ ​ដែលគេ​លះបង់​បាន​ដោយ​ក្រ​ ​ហើយ​បាន​អធិដ្ឋាន​នូវ​សីល​ ​ជា​គ្រឿង​ស្ងប់​រម្ងាប់​ផង​ ​នូវ​សុចរិតធម៌​ផង​។​ ​
 បុគ្គល​ណា​ ​លះបង់​នូវ​ចំណង​ខាងដើម​ ​ហើយ​ឋិតនៅ​ក្នុង​ចំណង​ខាងចុង​ផង​ ​ប្រព្រឹត្ត​នូវ​អធម៌​ផង​ ​បាប​តែង​ចំរើន​ឡើង​ដល់​បុគ្គល​នោះ​។​ ​សូម​លោកម្ចាស់​មក​ចុះ​ ​ខ្ញុំម្ចាស់​នឹង​នាំ​លោកម្ចាស់​ទៅ​ឲ្យ​ដល់​ព្រៃស្វាយ​នោះ​ ​សូម​លោកម្ចាស់​មាន​សេចក្តី​ខ្វល់ខ្វាយ​តិច​ដោយពិត​ចុះ​ ​ខ្ញុំម្ចាស់​នឹង​នាំទៅ​ដាក់​ក្នុង​ព្រៃស្វាយ​ដ៏​ត្រជាក់​នោះ​ ​សូម​លោកម្ចាស់​គង់នៅ​កុំ​មាន​សេចក្តី​ខ្វល់ខ្វាយ​។​ ​បពិត្រ​អរិន្ទ​មៈ​ ​ព្រៃស្វាយ​នោះ​ ​ពួក​សត្វ​បក្សី​មានក​ក្ងក់​ ​ស្រវឹង​ដោយ​រស​នៃ​ផ្កាឈើ​ ​ស្រែក​បន្លឺ​ឡើង​ហើយ​ ​ពួក​ក្រៀល​ ​ពួក​ក្ងោក​ ​ជា​ទិព្វ​ ​ពួក​សត្វស្លាប​ឈ្មោះ​កោ​យដ្ឋិ​ ​និង​ឈ្មោះ​មធុ​សា​លិយៈ​ ​យំ​ជាមួយនឹង​ពួក​ហង្ស​ ​ពួក​តាវៅ​ ​ដែល​នៅក្នុង​ព្រៃស្វាយ​នោះ​ ​ក៏​ញ៉ាំង​ពួក​សត្វ​ទាំងនោះ​ឲ្យ​ភ្ញាក់​ឡើង​ហើយ​។​ ​ដើម​ស្វាយ​ទាំងឡាយ​ក្នុង​ព្រៃ​នោះ​ ​មាន​ចុង​មែក​ដាប​ចុះ​ ​(​ព្រោះ​ទម្ងន់​ផ្លែ​)​ ​ប្រាកដ​ស្មើដោយ​ទីលាន​ដែល​ពេញដោយ​កណ្តាប់​ស្រូវ​ ​ដើម​ដកគាំ​ ​ស្រល់​ ​និង​កទម្ព​ទាំងឡាយ​ ​មាន​ចង្កោម​ផ្លែ​សំយុង​ចុះ​ ​ដូច​ធ្លាយ​ផ្លែ​ត្នោត​ទុំ​។​
ថយ | ទំព័រទី ១៥៣ | បន្ទាប់
ID: 636873033098444272
ទៅកាន់ទំព័រ៖