ព្រះត្រៃបិដក ភាគ ៦០
            
        
        
            
            
                
                 [៤៣៥] (ព្រះរាជកុមារ…) ទូលព្រះបង្គំជាខ្ញុំនឹងទៅ សូមព្រះអង្គគង់នៅក្នុងទីនេះចុះ ការរួចអំពីសំណាក់នៃបោរិសាទៈនោះ មិនមានដល់បុគ្គលកាលរស់នៅទេ បពិត្រព្រះរាជា បើព្រះអង្គយាងទៅ ទូលព្រះបង្គំជាខ្ញុំក៏ទៅដែរ ព្រះអង្គ និងទូលព្រះបង្គំជាខ្ញុំ ទាំងពីរនាក់ នឹងមិននៅទេ។
 [៤៣៦] (ព្រះរាជា…) ម្នាលកូន ធម៌នុ៎ះ ជាធម៌របស់ពួកសប្បុរសមែនហើយ ប៉ុន្តែយក្សមានជើងពពាល ដុតឆ្អើរអ្នកឯងជិតគល់ឈើស្រួច ហើយកំហែងស៊ីពេញទំហឹង ក្នុងកាលណា ការនោះ ទុកជាសេចក្តីស្លាប់របស់យើងក្នុងកាលនោះ។
 [៤៣៧] (អលីនសត្តុកុមារ) ទូលព្រះបង្គំជាខ្ញុំ នឹងយកជីវិតទៅប្តូរជីវិតរបស់ព្រះអង្គ សូមព្រះអង្គកុំយាងទៅក្នុងសំណាក់នៃបោរិសាទៈឡើយ ទូលព្រះបង្គំជាខ្ញុំ នឹងយកជីវិតនោះទៅប្តូរជីវិតរបស់ព្រះអង្គ ហេតុនោះ ទូលព្រះបង្គំជាខ្ញុំ ប្រាថ្នានូវសេចក្តីស្លាប់ ដើម្បីជីវិត (របស់ព្រះអង្គ)។
 [៤៣៨] (អភិសម្ពុទ្ធគាថា) លំដាប់នោះឯង ព្រះរាជបុត្តអ្នកមានប្រាជ្ញា ក៏ក្រាបថ្វាយបង្គំព្រះបាទាមាតា និងបិតា (ហើយចេញទៅ)។ 
            
            
         
        
            
                ID: 636873036477157524 
                
            
            
                ទៅកាន់ទំព័រ៖