ព្រះត្រៃបិដក ភាគ ៦០
បានឃើញស្រះបោក្ខរណី នៅជិតដើមជ្រៃនោះ ជាទីគួររីករាយ មានកំពង់ទឹកដ៏ល្អផង មានទឹកដ៏ច្រើនផង (មានផ្កាកុមុទ ឧត្បល និងឈូក) រីកស្គុះស្គាយផង ដេរដាសដោយពួកភមរជាតិផង ជាទីសម្រាប់ងូតរបស់ស្តេចដំរីដ៏ប្រសើរនោះ។ បានឃើញនូវការដើរទៅ និងការឈរនៅ នៃដំរីដ៏ប្រសើរផង ឃើញផ្លូវរបស់ដំរីដ៏ប្រសើនោះទៅងូតទឹកផង ព្រានព្រៃជាអនរិយជន បានប្រកប (កិច្ចការស្រេច) ដោយការលុះក្នុងអំណាចនៃចិត្ត ក៏បានជីករណ្តៅ។
[៤៧០] (អភិសម្ពុទ្ធគាថា) ព្រានព្រៃ ជាអ្នកធ្វើអំពើអាក្រក់ ជីករណ្តៅហើយ គ្របដោយផែនក្តារទាំងឡាយ រួចបញ្ចូលខ្លួន និងធ្នូរ (ទៅក្នុងរណ្តៅនោះ) ហើយបាញ់នូវដំរី ដែលដើរមកក្បែរខាង (រណ្តៅរបស់ខ្លួន) ដោយព្រួញដ៏ថ្លោស។ ដំរីដ៏ប្រសើរ ត្រូវព្រានព្រៃបាញ់ហើយ ក៏បន្លឺនូវកោញ្ចនាទដ៏ពន្លឹក ពួកដំរីទាំងអស់ ក៏បន្លឺនូវសម្លេងមានសភាពដ៏ពន្លឹក ដំរីទាំងនោះ ក៏ធ្វើនូវស្មៅ និងមែកឈើឲ្យខ្ទេចខ្ទី ហើយស្ទុះស្ទារទៅទាំង ៨ ទិសជុំវិញ។ ដំរីដ៏ប្រសើរ ក៏ចាប់ព្រាននោះ ដោយបំណងថា អញនឹងសម្លាប់ព្រានព្រៃនុ៎ះ ក៏ឃើញនូវសំពត់កាសាវៈ ដែលជាទង់ជ័យរបស់ពួកឥសី
ID: 636873039934955298
ទៅកាន់ទំព័រ៖