ព្រះត្រៃបិដក ភាគ ៦០
(យើងប្រកប) ដោយធម៌ មិនប្រកបដោយអធម៌ទេ ព្រោះអធម៌មិនពេញចិត្តដល់យើងឡើយ ម្នាលសុចីរតៈ ធម៌ជាចរិតរបស់ព្រះរាជា ពួកជនត្រូវតែធ្វើ។ នែព្រាហ្មណ៍ យើងដែលពួកជនមិននិន្ទា ក្នុងលោកនេះ ដោយអត្ថ និងធម៌ណាផង មិននិន្ទាក្នុងបរលោក ដោយអត្ថ និងធម៌ណាផង គប្បីដល់នូវឥស្សរិយយស ក្នុងទេវលោក និងមនុស្សលោក ដោយអត្ថ និងធម៌ណាផង។ នែព្រាហ្មណ៍ យើងប្រាថ្នាដើម្បីធ្វើនូវអត្ថ និងធម៌នោះៗ នែព្រាហ្មណ៍ អ្នកដែលយើងសួរហើយ ចូរប្រាប់នូវអត្ថ និងធម៌នោះ។
[៤៨២] (សុចីរតព្រាហ្មណ៍ ក្រាបទូលថា) បពិត្រព្រះខត្តិយរាជ ព្រះអង្គប្រាថ្នាដើម្បីធ្វើនូវអត្ថ និងធម៌ណា តែវៀរចាកវិធុរព្រាហ្មណ៍ហើយ បុគ្គលដទៃ មិនគួរនឹងប្រាប់នូវអត្ថ និងធម៌នោះបានទេ។
[៤៨៣] (ព្រះរាជា…) នែសុចីរតៈ អ្នកចូរមកនេះ អ្នកឯងត្រូវយើងប្រើទៅ អ្នកចូរទៅកាន់សំណាក់នៃវិធុរព្រាហ្មណ៍ ចូរនាំយកនូវឆ្ពោរនៃមាសនេះទៅចុះ អ្នកចូរឲ្យនូវឆ្ពោរនៃមាសនេះ ជាគ្រឿងបូជាដល់ការប្រៀនប្រដៅនូវអត្ថ និងធម៌។
[៤៨៤] (អភិសម្ពុទ្ធគាថា) សុចីរតព្រាហ្មណ៍ ជាភារទ្វាជគោត្រនោះ បានទៅកាន់សំណាក់នៃវិធុរព្រាហ្មណ៍ សុចីរតៈ ជាមហាព្រាហ្មណ៍ ក៏បានឃើញវិធុរព្រាហ្មណ៍នោះ កំពុងតែបរិភោគក្នុងផ្ទះរបស់ខ្លួន។
ID: 636873041579319351
ទៅកាន់ទំព័រ៖