ព្រះត្រៃបិដក ភាគ ៦០

 ​[​៥០០​]​ ​(​ព្រាហ្មណ៍​ក្រាបបង្គំទូល​ថា​)​ ​បើ​ដូច្នោះ​ ​អ្នក​ឈ្លាសវៃ​ ​(​និយាយ​)​ ​យ៉ាងណា​ ​ទូលព្រះបង្គំជាខ្ញុំ​នឹង​ទូល​យ៉ា​នោះ​ ​ព្រោះថា​ ​ក្នុង​លោក​នេះ​ ​អ្នក​ប្រាជ្ញា​ទាំងឡាយ​ ​តែង​សរសើរ​បុគ្គល​អ្នក​និយាយ​ពាក្យពិត​។​ ​ទូលព្រះបង្គំជាខ្ញុំ​តែម្នាក់ឯង​ ​កាល​ដើររក​គោ​ ​ក៏​វង្វេង​ដើរចូល​ទៅ​ក្នុង​ព្រៃ​សូន្យសុង​ ​ជា​ព្រៃ​ដាច់​ទឹក​ ​ព្រៃ​ស្ងាត់ឈឹង​ ​ដែល​ពួក​ដំ​រី​ផ្សេង​ៗ​ ​នៅ​ហើយ​។​ ​ទូលព្រះបង្គំជាខ្ញុំ​ ​វង្វេងផ្លូវ​ក្នុង​ព្រៃ​ ​ដែល​ពួក​ម្រឹគ​កាច​ដើរទៅ​មក​ ​ជា​អ្នកមាន​សេចក្តី​ស្រេកឃ្លាន​ ​អស់​ ​៧​ ​ថ្ងៃ​ ​ដើរទៅ​ក្នុង​ព្រៃ​នោះ​។​ ​ទូលព្រះបង្គំជាខ្ញុំ​ ​ត្រូវ​សេចក្តី​ស្រេកឃ្លាន​គ្រប​សង្កត់​ ​ក៏បាន​ឃើញ​ដើម​ទន្លាប់​ក្នុង​ព្រៃ​នោះ​ ​ដុះ​នៅក្នុង​ទី​មិន​ស្មើ​ ​សំយុង​ទៅកាន់​ជ្រោះ​ ​ជា​ឈើ​ទ្រទ្រង់នូវ​ផ្លែ​មាន​រសផ្អែម​។​ ​ទូលព្រះបង្គំជាខ្ញុំ​ ​បាន​ទទួលទាន​ផ្លែឈើ​ទាំងឡាយ​ ​ដែល​ខ្យល់បក់​ធ្លាក់ចុះ​មក​ ​ផ្លែឈើ​ទាំងនោះ​ ​ពេញចិត្ត​ទូលព្រះបង្គំជាខ្ញុំ​យ៉ាង​ក្រៃលែង​ ​ទូលព្រះបង្គំជាខ្ញុំ​មិន​ឆ្អែត​ ​ក៏​ឡើងលើ​ដើម​ ​ដោយ​គិតថា​នឹង​ស៊ី​ឲ្យ​ឆ្អែត​ស្កប់ស្កល់​លើ​ដើម​នោះ​។​ ​ទូលព្រះបង្គំជាខ្ញុំ​ ​ទទួលទាន​ផ្លែ​ទន្លាប់​មួយ​ហើយ​ ​ប្រាថ្នា​ផ្លែ​ជា​គំរប់​ពីរ​ទៀត​ ​លំដាប់នោះ​ ​មែកឈើ​នោះ​ ​ក៏​បាក់​ហាក់ដូចជា​គេ​កាប់​នឹង​ប៉ូវថៅ​។​ ​ទូលព្រះបង្គំជាខ្ញុំ​នោះ​ ​ក៏​ជាប់​មក​ជាមួយនឹង​មែកឈើ​ ​មាន​ជើង​ឡើងលើ​ ​មាន​ក្បាល​ចុះក្រោម​ ​ធ្លាក់ចុះ​ទៅ​ក្នុង​ជ្រោះ​ភ្នំ​ ​ដែល​មិន​មាន​ទី​ឈរ​ ​មិន​មាន​ទី​តោង​។​ ​
ថយ | ទំព័រទី ១៨៩ | បន្ទាប់
ID: 636873043746303295
ទៅកាន់ទំព័រ៖