ព្រះត្រៃបិដក ភាគ ៦០
ទឹកជ្រៅ មានត្រឹមណា ទូលព្រះបង្គំជាខ្ញុំមិនធ្លាក់ដល់ត្រឹមណោះទេ មិនមានសេចក្តីត្រេកអរ មិនមានទីពឹង ដេកក្នុងជ្រោះនោះអស់ ១០ រាត្រីគត់។ គ្រានោះ ស្វាមានកន្ទុយ ដូចជាកន្ទុយគោ ត្រាច់ទៅតាមជ្រោះភ្នំ មកដល់ទីនោះ លោតពីមែកមួយ ទៅកាន់មែកមួយ បានស៊ីនូវផ្លែឈើ ស្វានោះបានឃើញនូវទូលព្រះបង្គំជាខ្ញុំ ដែលស្គមស្លេកស្លាំង ក៏ធ្វើនូវសេចក្តីករុណាចំពោះទូលព្រះបង្គំជាខ្ញុំ។ សួរថា ម្នាលអ្នកដ៏ចំរើន អ្នកឯងនេះជាអ្វី ត្រូវទុក្ខគ្របសង្កត់ក្នុងទីនេះយ៉ាងនេះ អ្នកជាមនុស្ស ឬមិនមែនមនុស្ស ចូរប្រាប់ខ្លួនដល់យើង។ ទូលព្រះបង្គំជាខ្ញុំ ក៏ប្រណម្យអញ្ជលីចំពោះស្វានោះ ហើយពោលនូវពាក្យនេះថា ខ្ញុំជាមនុស្សដល់នូវអំណាចនៃ (សេចក្តីវិនាស) ខ្ញុំទៅអំពីទីនេះមិនបានទេ ព្រោះហេតុនោះ ខ្ញុំជំរាបអ្នក សូមសេចក្តីចំរើនមានដល់អ្នក សូមអ្នកជាទីពឹងរបស់ខ្ញុំ។ ស្វាដ៏ប្រសើរ ត្រាច់ទៅលើភ្នំ ក៏យកនូវថ្មដ៏ធ្ងន់ ចងខ្សែនឹងថ្ម ហើយពោលនូវពាក្យនេះថា អ្នកចូរមក ចូរឡើងជិះខ្នងខ្ញុំ ហើយតោងកខ្ញុំដោយដៃទាំងពីរ ខ្ញុំនឹងស្រង់អ្នកចាកជ្រោះភ្នំដោយកម្លាំង។ ទូលព្រះបង្គំជាខ្ញុំ បានឮពាក្យស្តេចស្វាដ៏មានសិរីនោះ ក៏ឡើងជិះខ្នងនៃស្វាជាអ្នកប្រាជ្ញ ហើយតោងក ដោយដៃទាំងពីរ។
ID: 636873043923813448
ទៅកាន់ទំព័រ៖