ព្រះត្រៃបិដក ភាគ ៦០
ទូលព្រះបង្គំជាខ្ញុំនោះ ជាបុគ្គលដែលស្វានោះផ្តាសាហើយ ត្រូវសេចក្តីក្តៅក្រហាយបៀតបៀន មានខ្លួនក្តៅអន្ទះអន្ទែង បានចូលទៅរកទទួលទានទឹក។ អន្លង់ទឹកទាំងអស់ ក៏ក្តៅសព្វ ហាក់ដូចជាភ្លើងឆេះ ជាអន្លង់ហាក់ដូចជាប្រឡាក់ឈាម ហាក់ដូចជាខ្ទុះ និងឈាមប្រាកដដល់ខ្ញុំ។ ដំណក់ទឹកមានចំនួនប៉ុន្មាន ស្រក់លើកាយរបស់ទូលព្រះបង្គំជាខ្ញុំ បូសមានចំនួនប៉ុណ្ណោះ ប្រាកដស្មើដោយផ្លែព្នៅមួយចំហៀង ក៏កើតឡើង។ ទូលព្រះបង្គំជាខ្ញុំ ទៅក្នុងស្រុក និងនិគមទាំងឡាយ តាមផ្លូវណាៗ បូសទាំងឡាយក៏បែកធ្លាយ ខ្ទុះ និងឈាមដ៏ស្អុយហូរចេញ (ពីសរីរៈ) របស់ទូលព្រះបង្គំជាខ្ញុំ (តាមផ្លូវនោះៗ)។ ពួកស្ត្រី និងបុរស មានដំបងក្នុងដៃ ដែលត្រូវក្លិនស្អុយគ្របសង្កត់ហើយ ឃាត់ទូលព្រះបង្គំជាខ្ញុំថា អ្នកឯងកុំចូលមកខាងអាយឡើយ។ សេចក្តីទុក្ខលំបាកនេះ ប្រាកដដូច្នេះ មានដល់ទូលព្រះបង្គំជាខ្ញុំ អស់ ៧ ឆ្នាំ ហើយដល់មកឥឡូវនេះ ទូលព្រះបង្គំជាខ្ញុំ នៅតែទទួលរងកម្មជារបស់ខ្លួន ដែលខ្លួនធ្វើអាក្រក់ហើយក្នុងកាលមុន។ ព្រោះហេតុនោះ ទូលព្រះបង្គំជាខ្ញុំ សូមក្រាបបង្គំទូលចំពោះព្រះអង្គ សូមសេចក្តីចំរើនមានដល់ព្រះអង្គ ពួកអ្នកដែលមកជួបជុំគ្នាក្នុងទីនេះ សូមកុំប្រទូស្តពួកមិត្តឡើយ ព្រោះថា បុគ្គលប្រទូស្តមិត្ត ជាមនុស្សអាក្រក់។
ID: 636873044458644039
ទៅកាន់ទំព័រ៖