ព្រះត្រៃបិដក ភាគ ៦០
លើផែនដី និងលើអាកាសផង ជាអ្នកឈ្លាវៃ ក្នុងចំណែកនក្ខត្តឫក្ស ព្រះអង្គព្រះរាជទានព្រាហ្មណ៍បុរោហិត ដល់អារក្សទឹក តើព្រោះទោសដូចម្តេច។
[៥១២] (ព្រះរាជា…) បពិត្រនាងម្ចាស់ ព្រាហ្មណ៍បុរោហិត បើកភ្នែកសំឡក់ចំពោះខ្ញុំក្នុងកណ្តាលបរិស័ទ ព្រោះហេតុនោះ ទើបខ្ញុំឲ្យបុរោហិតអាក្រក់ មានចិញ្ចើមក្រញូវ ដល់អារក្សទឹក។
[៥១៣] (នាងភេរី…) ព្រះអង្គគ្រប់គ្រងនូវផែនដីដ៏ធំ មានសមុទ្រព័ទ្ធជុំវិញ ជាកុណ្ឌលរបស់សាគរ ព្រះអង្គមានអាមាត្យចោមរោម ជាឥស្សរៈលើផែនដី មានសមុទ្រទាំង ៤ ជាទីបំផុត មានដែនដ៏ច្រើន ជាអ្នកឈ្នះសង្គ្រាម មានពលច្រើន ជាព្រះរាជាឯកលើផែនដី យសរបស់ព្រះអង្គក៏ដល់នូវភាពដ៏ធំថ្កើង មានពួកនារីមកអំពីជនបទផ្សេងៗ ជាស្ត្រីស្នំ ១៦ ពាន់ ពាក់គ្រឿងកុណ្ឌលជាវិការៈនៃកែវមណី ល្អល្អះដូចស្រីទេពកញ្ញា បពិត្រក្សត្រ អ្នកប្រាជ្ញទាំងឡាយបានពោលចំពោះជីវិតដែលវែង បរិបូណ៌ដោយអង្គទាំងពួង សម្រេចនូវសេចក្តីប្រាថ្នាទាំងពួងថា ជាទីស្រឡាញ់របស់សត្វទាំងឡាយ អ្នកដល់នូវសេចក្តីសុខយ៉ាងនេះ កាលបើដូច្នោះ ព្រះអង្គរក្សាទុកនូវបណ្ឌិត ត្រឡប់ជាលះបង់ព្រះជន្ម ដែលគេលះបង់បានដោយកម្រ តើដោយដំណើរដូចម្តេច ឬក៏ដោយហេតុដូចម្តេច។
ID: 636873046523852162
ទៅកាន់ទំព័រ៖