ព្រះត្រៃបិដក ភាគ ៦០
អ្នកត្រូវតែខ្ញុំគ្រប់គ្រងក្នុងទីគោគ និងទឹកហើយ។ ខ្ញុំជាទីពឹងរបស់អ្នក ដូចជាពេទ្យដ៏ឈ្លាស (ជាទីពឹង) របស់ពួកអ្នកមានជម្ងឺ ឬដូចជាអន្លង់ទឹកត្រជាក់ (ជាប្រយោជន៍) របស់ពួកអ្នកស្រេកទឹក ឬក៏ដូចផ្ទះ (ជាទីត្រូវការ) របស់ពួកបុគ្គលដែលលំបាកដោយសន្សើមត្រជាក់។
[៥២៧] (សុបណ្ណរាជ…) ម្នាលអ្នកជាជលាពុជៈ អ្នកធ្វើសេចក្តីស្និទ្ធស្នាល ជាមួយនឹងអណ្ឌជៈជាសត្រូវ ហើយនៅបើកបង្ហាញចង្កូម (ធ្វើអ្វីទៀត) ភ័យនឹងមកដល់អ្នកអំពីទីណា។
[៥២៨] (បណ្ឌរកៈ…) បុគ្គលត្រូវតែរង្កៀសក្នុងបុគ្គលជាសត្រូវ មិនត្រូវទុកចិត្តបុគ្គលសូម្បីជាមិត្ត (ព្រោះ) ភ័យរមែងកើតឡើងអំពីបុគ្គលដែលមិនគួរភ័យ រមែងកាត់ សូម្បីនូវឫសគល់ (ជីវិត)។ បុគ្គលធ្វើនូវជំលោះនឹងជនណា គប្បីទុកចិត្តជននោះដូចម្តេចកើត បុគ្គលគប្បីឋិតនៅដោយប្រុងប្រយ័ត្នជានិច្ច បុគ្គលនោះ រមែងមិនត្រេកអរនឹងសត្រូវ។
បុគ្គលគប្បីធ្វើឲ្យគេទុកចិត្ត ប៉ុន្តែមិនត្រូវទុកចិត្តគេ បុគ្គលដែលគេមិនរង្កៀសហើយ ប៉ុន្តែគប្បីរង្កៀសនឹងគេ បុគ្គលដទៃមិនដឹងនូវភាព (របស់ខ្លួន) យ៉ាងណាៗ វិញ្ញូបុរស គប្បីប្រឹងប្រែងដោយប្រការយ៉ាងនោះៗ។
ID: 636873055744729566
ទៅកាន់ទំព័រ៖